ខ្សែភាពយន្ត
សុខចិត្តរត់ចេញពីផ្ទះ ទៅធ្វើការនៅប្រទេសថៃ តែទីបំផុតមេខ្យល់បានយកទៅ ធ្វើស្រី…
មនុស្សម្នាក់ៗដែលកើតមានរូបរាងលើភពផែនដីយើងពីផ្ទៃម្តាយ អ្នកណាក៏ប្រាថ្នាចង់បាននូវជីវិតដែលល្អ ពោរពេញទៅដោយសេចក្តីសុខទាំងផ្លូវកាយ និងចិត្ត ប៉ុន្តែរាល់បំណងប្រាថ្នា គឺមិនដែលបានតាមចិត្តយើងចង់នោះទេ ហើយមិនស្មើៗគ្នានោះដែរ។ អ្នកខ្លះកើតមកលើគំនរមាសពេជ្រ ទ្រព្យសម្បត្តិហូរហៀរ អ្នកបម្រើឆ្វេងស្តាំ តែក៏អាចនៅលំបាកខាងផ្លូវចិត្ត ដូចជាការឈ្លោះ ទាស់ទែង បែកបាក់ក្នុងគ្រួសារ… តែអ្នកខ្លះក៏កើតក្នុងគ្រួសារដែលស្ថិតក្នុងជីវភាពមធ្យម ហើយក៏មានអ្នកកើតមកក្នុងជីវិតលំបាក តោកយ៉ាក រកស្មានមិនដល់ក៏មាន…។ល។ យ៉ាងណា យើងគួរសង្កេតថា ម្រាមដៃរបស់យើងគ្រប់គ្នាក៏មិនមានកម្ពស់ស្មើៗគ្នា នោះដែរ មានតែព្រះពុទ្ធអង្គទេ ដែលមានម្រាមដៃកម្ពស់ស្មើៗគ្នាគ្រប់ម្រាមរបស់ព្រះអង្គតែម្តង ប៉ុន្តែមុននឹងត្រាស់ដឹងក៏ត្រូវឆ្លងកាត់ការលំបាក វេទនា គ្រប់បែប គ្រប់យ៉ាង រាប់រយពាន់ឆ្នាំដែរ។ ហេតុនេះ យើងឃើញថា មិនមាននរណាម្នាក់មិនធ្លាប់ឆ្លងលំបាកនោះទេ គ្រាន់តែសភាពនៃវេទនារម្មណ៍មិនដូច ឬស្មើគ្នាប៉ុណ្ណឹង។
យ៉ាងណាមិញ ដើម្បីជីវិតរុងរឿង លោកអ្នកបានឃើញហើយថា ម្នាក់ៗរវល់រាល់វិនាទី ដើម្បីធ្វើយ៉ាងណាឲ្យគ្រួសារមានជីវភាពប្រសើរឡើង ហើយយើងក៏សង្កេតឃើញថា មានបងប្អូនប្រុសស្រីខ្មែរយើង មួយចំនួនធំ បានសម្រេចចិត្តធ្វើចំណាកស្រុក មិនរកការងារធ្វើនៅក្នុងស្រុកខ្មែរយើងទេ តែទៅធ្វើការនៅប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ និងថៃ…ជាដើម។ ជារឿយៗ លោកអ្នកក៏តែងតែបានឮ ឬឃើញព័ត៌មានជាច្រើនជាបន្តបន្ទាប់ស្តីពីពលករចំណាកស្រុកខ្មែរយើង តែងជួប និងរងទុក្ខសោកពីបញ្ហាដែលកើតឡើងសម្រាប់ពួកគាត់ពេលបំពេញការងារនៅប្រទេសគេនោះ មានខ្លះក៏ត្រូវបានចាញ់បោកមេខ្យល់ ឬអ្នកបោកប្រាស់យកទៅលក់ ទាំងពលករប្រុស និងស្រី។ សម្រាប់ប្រុសៗគឺលក់សម្រាប់កម្លាំងពលកម្ម រីឯស្រីៗលក់ទៅឲ្យឈ្នួញផ្លូវភេទ ។ល។
ខាងក្រោមនេះជាឈុតខ្លីមួយក្នុងរឿង ប៉ុន្តែវាជារឿងរ៉ាវពិត ស្តីពីស្រី្តខ្មែរមួយរូប ដែលបានចាញ់បោកមេខ្យល់ទៅធ្វើការចំណាកស្រុកនៅប្រទេសថៃ ត្រូវបានគេបោកគាត់យកទៅលក់។ សូមលោកអ្នកជួយចែករំលែកទៅកាន់សាច់ញាតិ បងប្អូន ជនរួមជាតិ ដើម្បីបានស្គាល់ និងដឹងពីទិចនិច របស់ជនអន្ធពាលដែលបានរៀបចំគម្រោងបោកប្រាស់ពលករយើង ជាពិសេសនារីៗ…បើអាចសូមមេត្តាសម្រេចចិត្តឲ្យច្បាស់លាស់បំផុត កុំលំៗឲ្យសោះ ព្រោះវាជាអនាគតរបស់ខ្លួន និងក្នុងនាមជាពលរដ្ឋខ្មែរផងដែរ។
ក្រុមការងារ Reamker.com ធ្លាប់បានជួបផ្ទាល់ជាមួយពលករចំណាកស្រុកដែលបានត្រឡប់មកខ្មែរវិញ ដោយគាត់ប្រាប់ថា គិតទៅគិតមកបានទទួលកំរ៉ៃមិនលើសខ្វះជាងធ្វើការក្នុងស្រុក ក្បែរផ្ទះ ក្បែរឪពុកម្តាយ បងប្អូនយើងប៉ុន្មានរៀលទេ សូមបងប្អូនគួរស្វែងរកការងារក្នុងស្រុក ទោះបានប្រាក់កំរ៉ៃតិចតួចជាងក៏ដោយ កុំឲ្យយកខ្លួនយើងទៅអសារបង់ ឥតការ នៅស្រុកគេឲ្យសោះ៕
ដកស្រង់ពី៖ Phrase News