គួរ​យល់​ដឹង

ជម្ងឺបាក់ទឹកចិត្ត (Depression) ជាអ្វី? ហេតុម្តេចបានវាមានឥទ្ធិពលខ្លាំងម្ល៉េះដល់មនុស្សយើង? តើវិធីសាស្ត្រអ្វីអាចធ្វើឲ្យវាល្អឡើងវិញ?

(អត្ថបទនេះអានចំនួន 2 នាទី)

តាមរយៈចំណងជើងខាងលើ យើងឃើញថាបច្ចុប្បន្ននេះ ជម្ងឺបាក់ទឹកចិត្ត (Depression) ត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុត ដោយអាត្រានៃការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗនូវចំនួនអ្នកជម្ងឺប្រភេទនេះ មិនថានៅព្រះរាជាណាចក្រកម្ពុជាយើង ប៉ុន្តែវាបានក្លាយជាកង្វល់មួយកាន់តែរាយសាយខ្លាំងឡើងៗរបស់ពិភពលោកយើងទាំងមូលតែម្តង។ ដូច Reamker.com ធ្លាប់បានលើកឡើងរួចមកហើយនូវអត្ថបទខ្លីមួយស្តីពី “គួរឲ្យអាណិត និងសរសើរមែននារីម្នាក់នេះ មិនទុកយាយនាងឲ្យនៅម្នាក់ឯងឡើយ” ដែលបង្ហាញពីការយកចិត្តទុកដាក់របស់នារីម្នាក់ជាចៅស្រីរបស់លោកយាយជនជាតិចិន ដែលចៅតែងតែយកគាត់ទៅជាមួយ ទោះទៅធ្វើការក៏ដោយ។ ប៉ុន្តែតាមពិតប្រភេទជម្ងឺដ៏គួរឲ្យបារម្មណ៍នេះ គឺកើតឡើងលើមនុស្សគ្រប់វ័យ មិនថាក្មេង ជំទង់ ឬចាស់នោះឡើយ។ លោកអ្នកងាចមានសំនួរជាច្រើនទាក់ទិននឹងជម្ងឺនេះ អញ្ចឹងសូមតាមដាន អានអត្ថបទសង្ខេបដូចបានបង្ហាញខាងក្រោមនេះទាំងអស់គ្នា៖

តើជម្ងឺបាក់ទឹកចិត្ត (Depression) ជាអ្វី?
បើយោងតាមទ្រឹស្តីអន្តរជាតិជារួម ឃើញថា ជម្ងឺបាក់ទឹកចិត្ត (Depression) នេះ គឺជាដំណាក់កាលនៃការចុះខ្សោយនៃផ្លូវអារម្មណ៍ និងការដើរបញ្ច្រាសនៃសកម្មភាពរស់រវើករបស់មនុស្សយើង ដែលវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្តិចម្តងៗមិនដឹងខ្លួនដល់កម្លាំងនៃការគិត, ឥទ្ធិពលអាក្រក់ដល់ឥរិយាបថ, មានសម្ពាធកាន់តែធ្ងន់ឡើងៗទៅលើផ្លូវអារម្មណ៍ ផ្លូវចិត្ត និងផ្លូវសារពាង្គកាយ ហើយក៏កាត់បន្ថយនូវការស្គាល់ខ្លួនឯងជាបណ្តើរៗផងដែរ ជាអាទិ៍ដូចជា ការបាត់បង់មនុស្សជាទីស្រឡាញ់ណា​ម្នាក់…ជាដើម។ ជម្ងឺនេះ ក៏អាចជាអាការៈនៃជម្ងឺដែលមានឥទ្ធិពលពីថ្នាំពេទ្យ ឬការព្យាយាមណាមួយផងដែរ ហើយវាក៏អាចជាអាការៈនៃជម្ងឺអារម្មណ៍ (Mood Disorders) ដូចជា ជម្ងឺអារម្មណ៍ធ្ងន់ធ្ងរ (Major depressive disorder) ឬជម្ងឺអារម្មណ៍ស្រាល (Dysthymia)។

តើកត្តាអ្វីខ្លះដែលនាំឲ្យមានជម្ងឺនេះកើតឡើង?
តាមពិតទៅវាមានកត្តាជាច្រើនដែលអាចបណ្តាលឲ្យជម្ងឺនេះកើតឡើង ក្នុងនោះមានដូចជា៖ លក្ខខណ្ឌនៃជីវិត (Life events), បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ (Personality), អត្តសញ្ញាណ និងភេទពីធម្មជាតិរបស់មនុស(Gender identity and sexuality), ការប្រើប្រាស់ថ្នាំក្នុងការព្យាបាលជម្ងឺអ្វីមួយ (Medical treatments), សារធាតុជម្រុញនានា (Substance-induced), ជម្ងឺមិនមែនមកពីផ្លូវចិត្ត (Non-psychiatric illness), អាការៈជម្ងឺផ្លូវចិត្ត (Psychiatric syndromes) …។ល។

1. លក្ខខណ្ឌនៃជីវិត (Life events)
វាអាចកើតឡើងតាំងពីកំណើតនូវអាការៈដូចជា៖ ការអស់សង្ឃឹម (Bereavement), ការមិនយកចិត្តទុកដាក់ (Neglect), ការបំពានលើផ្លូវចិត្ត (Mental abuse), ការបំពានលើផ្លូវកាយ ​(Physical abuse), ការបំពានលើផ្លូវភេទ (Sexual abuse) ជាពិសេសគឺភាពមិនស្មើគ្នាដែលឪពុកម្តាយផ្តល់ឲ្យរវាងកូនៗក្នុងគ្រួសារតែមួយ (Unequal parental treatment) …ជាដើម ដែលវាអាចមានឥទ្ធិពលខ្លាំងរហូតដល់មួយជីវិតតែម្តង។

លម្អិតជាងនេះទៀតសម្រាប់លក្ខខណ្ឌនៃជីវិតដែលអាចទាក់ទិនដល់ជម្ងឺប្រភេទនេះមានដូចជា៖ អាចកើតពីកំណើត, ការរាំងរដូវ (សម្រាប់មនុស្សស្រី), បញ្ហា ឬវិបត្តិហិរញ្ញវត្ថុ, អត់ការងារធ្វើ, ស្ត្រេស (ពីការងារ ឬការសិក្សា ឬគ្រួសារ ឬលក្ខខណ្ឌក្នុងការរស់នៅ…។ល។), ការព្យាបាលជម្ងឺ (ដូចជា៖ មហារីក, អេដស៍…។ល។), ការគំរាមកំហែងណាមួយ (Bullying), គ្រោះធម្មជាតិ (Natural disaster), ភាពឯកាក្នុងសង្គមរស់នៅ (Isolation), ការចាប់បង្ខំ, វិបត្តិស្នេហា, ការច្រណែនឈ្នានីស, របួសគ្រោះថ្នាក់ជាយថាហេតុណាមួយ…។ល។ បើចំពោះក្មេងៗជំទង់វិញ ជម្ងឺបាក់ទឹកចិត្តនេះ អាចបណ្តាលមកពី ការមិនរាប់រកពីមិត្តភ័ក្តិ ឬអ្នកជិតខាង ឬការស្អប់ខ្ពើម (តាមកត្តាផ្សេងៗ៖ ពណ៌សំបុរ, ជាតិសាសន៍, អត្តចរឹត,​ របៀបរបបរស់នៅ…។ល។)

2. បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ (Personality)
ប្រសិនបើភាគរយកើនឡើងនៃបុគ្គលិកលក្ខណៈប្លែកៗដែលពាក់ព័ន្ធប្រព៏ន្ធសរសៃប្រសាទ នោះវាអាចភាគច្រើនបង្កើតជាអាការៈនៃជម្ងឺបាក់ទឹកចិត្ត ឬធ្លាក់អារម្មណ៍នេះ ដ៏ដូចជាប្រភេទផ្សេងៗដែលទាក់ទិននឹងការពង្រីកអារម្មណ៍មានការថយចុះ។ បុគ្គលិកលក្ខណៈរបស់មនុស្សមួយចំនួនផ្សេងទៀត អាចបង្ហាញតាមរយៈ អារម្មណ៍ឡើងចុះលឿន, ឆាប់ខឹង, ឧស្សាហ៍មានអារម្មណ៍បាក់ទឹកចិត្តរយៈខ្លីញឹកញាប់, ការថមថយនូវការយកចិត្តទុកដាក់ធ្វើអ្វីៗដូចដែលធ្លាប់មានចំណូលចិត្ត, គេងមិនសូវលក់ស្រួល, ព្យាយាមដកខ្លួនចេញពីសង្គមបន្តិចម្តងៗ, ការផ្លាស់ប្តូរនូវរបបអាហារ ការហូបចុក, មានការពិបាកក្នុងយកចិត្តទុកដាក់លើអ្វីមួយ…។ល។

3. អត្តសញ្ញាណ និងភេទពីធម្មជាតិរបស់មនុស្សម្នាក់ៗ (Gender identity and sexuality)
ប្រសិនបើអ្នកណាដែលឧស្សាហ៍យកចិត្តទុកដាក់ក្នុងធ្វើបំរៀបធៀបលើអត្តសញ្ញាណ និងភេទ (ការរើសអើងរវាងស្រ្តី និងបុរស) ច្រើនដងពេក នោះវាក៏ជាសញ្ញានៃការឈានចូលមកដល់នូវជម្ងឺបាក់ទឹកចិត្តផងដែរ។

4. ការប្រើប្រាស់ថ្នាំក្នុងការព្យាបាលជម្ងឺអ្វីមួយ (Medical treatments)
ជម្ងឺបាក់ទឹកចិត្ត ឬធ្លាក់អារម្មណ៍នេះ ក៏បណ្តាលមកពីលទ្ធផលនៃការព្យាបាលជម្ងឺអ្វីមួយដែលទាក់ទងនឹងជាតិថ្នាំដែលបានប្រើប្រាស់សម្រាប់ការព្យាបាល និងប្រភេទជម្ងឺនោះ ដូចជាវិធីព្យាបាលកាសិកា (Interferon therapy), វិធីព្យាបាលលើប្រភេទជម្ងឺលើសឈាម… (Beta-blockers therapy), វិធីពន្យាកំណើត (Contraceptives therapy), វិធីព្យាបាលជម្ងឺបេះដូង (Cardiac agents), វិធីព្យាបាលជម្ងឺប្រកាច់ (Anticonvulsants therapy), វិធីព្យាបាលជម្ងឺឈឺក្បាលប្រកាំង​(Antimigraine drugs therapy), វិធីព្យាបាលជម្ងឺចិត្តសាស្រ្ត (Psychotics therapy), វិធីព្យាបាលទាក់ទឹងអ័រម៉ូន (Hormonial agents therapy) ដូ​ចជា ស្បូន (Gonadotropin)…ជាដើម។

5. សារធាតុជម្រុញនានា​ (Substance-induced)
ការប្រើប្រាស់នូវប្រភេទថ្នាំព្យាបាលមួយចំនួនធំ ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវតាមប្រភេទ និងកម្រិត (Dose) នឹងនាំដល់ការបង្កើតឡើងនូវប្រភេទជម្ងឺបាក់ទឹកចិត្ត (Depression) នេះ ឬអាការៈពុល (Intoxication) អាចរាប់បញ្ចូលដូចជា៖ គ្រឿងអាល់កុល (ជាតិស្រវឹង), ប្រភេទថ្នាំព្យបាលសន្សឹមៗ (Benzodiazepins), ប្រភេទថ្នាំបំបាត់ការឈឺចាប់ (Pain killers) ដូចជា ហេរ៉ូអ៉ីន (Heroin),​ ថ្នាំជំនួយផ្សេងៗ ដូចជា កូកាអ៉ីន (Cocaine) និងអំប៉េតាមីន (Emphetamines), ថ្នាំព្យាបាលការស្រវាំងភ្នែក ឬរមាស់ (Hallucinogens), និងថ្នាំប្រភេទព្យាបាលជម្ងឺហឺត (Inhalants drugs) …។ល។

6. ជម្ងឺមិនមែនមកពីផ្លូវចិត្ត (Non-psychiatric illnesses)
ជម្ងឺបាក់ទឹកចិត្ត អាចបណ្តាលមកពីលទ្ធផលមួយចំនួននៃជម្ងឺដទៃទៀត ដូចជា កង្វះអាហារូបត្ថម្ភ (Nutritional deficiencies) និងលក្ខខណ្ឌចាំបាច់នៃប្រព៏ន្ធសរសៃប្រសាទ និងបញ្ហាផ្លូវកាយ ដូចជា៖ កង្វះកោសិកាសម្រាប់ទ្រទ្រង់ឆ្អឹងខ្នង, សម្ពាធឈាមខ្សោយខ្លាំង ឬឡើងខ្លាំង, ការរលាក (គ្រឿងក្នុងមនុស្ស), ជម្ងឺក្នុងខួរក្បាល (Sclerosis), ការធ្វើឲ្យញ័រដៃ ក្បាល (ញាក់ៗ) (Parkinson’s disease), ការឈឺរាំរ៉ៃ (Chronic pains), គាំងបេះដូង (Stroke), ទឹកនោមផ្អែម (Diabetes), និងមហារីក (Cancer)…ជាដើម។

7. អាការៈជម្ងឺផ្លូវចិត្ត (Psychiatric syndromes)
ជាអាការៈរំខានដល់ផ្លូវចិត្តរបស់មនុស្ស ដែលមនុស្សយើងមានវាក្នុងរវាងពីរសប្តាហ៍លើអាការៈផ្លូវចិត្តនេះ ឬបាត់បង់នូវការចាប់អារម្មណ៍នានាស្ទើរតែគ្រប់សកម្មភាព និងអាចជាជម្ងឺផ្លូវចិត្តស្រាលដែលចាប់ផ្តើមឡើងបន្តិចម្តងៗមិនដឹងខ្លួន ឈានដល់កម្រិតខ្ពស់បំផុតមួយ ដែលមានឥទ្ធិពលដល់ការគិត ការចងចាំ ការយកចិត្តទុកដាក់។ ចំណែកគ្រោះថ្នាក់ពីការបើកបរ, ត្រូវគ្រាប់កាំភ្លើង, របួសផ្សេងៗ …។ល។ ក៏ចូលរួមក្នុងការបង្កើតជាអារម្មណ៍ផ្លូវចិត្តផងដែរ។ លើសពីនេះ ការប៉ះពាល់ខ្លាំងណាមួយដល់អារម្មណ៍ទាំងផ្លូវចិត្ត និងអារម្មណ៍ ក្នុងពេលតែមួយ ដូចជា ការបាត់បង់នូវរបស់ ឬមនុស្សសំខាន់ ឬជាទីស្រឡាញ់របស់ខ្លួន ឬការបន្ទោសដ៏ខ្លាំងក្លាណាមួយដោយមានការគំរាមកំហែង…។ល។

ការគ្រប់គ្រង ឬវិធីសាស្ត្រក្នុងការគ្រប់គ្រងជម្ងឺបាក់ទឹកចិត្ត៖
តាមពិតទៅជម្ងឺបាក់ទឹកចិត្តនេះ មិនចាំបាច់ឆ្លងកាត់ការព្យាបាលតាមបែបជំនាញខ្លាំងពេកនោះក៏បានដែរ។ ការប្រើប្រាស់នូវអារម្មណ៍ វាជាការសំខាន់ និងចាំបាច់បំផុតក្នុងការព្យាបាលសន្សឹមៗទៅលើប្រភេទជម្ងឺនេះ​ ដោយមិនបាច់ប្រើប្រាស់ថ្នាំក៏បាន។ ដោយយោងតាម NICE (វិទ្យាស្ថានជាតិសម្រាប់ភាពប្រសើរនៃសុខភាព និងការយកចិត្តទុកដាក់) របស់អង់គ្លេស (UK) បានផ្តល់យោបល់ថា ប្រសិនបើវាជាកម្រិតស្រាលនៃជម្ងឺទេ គួរតែត្រូវបានព្យាបាលតាមបែបធម្មតា មិនចាំបាច់ប្រើការព្យាបាលលក្ខណៈធំ ដោយប្រើថ្នាំ Antidepressants ទេ ព្រោះវាមិនមានផលប៉ះពាល់អ្វីខ្លាំងឡើយ ចឹងគួរព្យាបាលដោយការគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងការគិត ការវិភាគ ពិចារណា ត្រូវឲ្យខួរក្បាលសម្រាកឲ្យបានច្រើន មានការសប្បាយចិត្ត កាយ និងខួរក្បាល ហើយបញ្ចៀសការប្រើប្រាស់ថ្នាំព្យាបាល (ដូចបានបង្ហាញខាងលើ) លើសកម្រិត។ Reamker.com សូមបន្ថែមថា គួរតែរៀនព្រលែងអ្វីៗដែលលែងជារបស់យើងហើយពីដៃ ចិត្ត អារម្មណ៍ និងខួរក្បាល (Learn to let things go) បើមិនអាចយកមកវិញទេ ទោះបីកើតទុក្ខដល់ដាច់ដង្ហើមក៏មិនអាចបានមកវិញ តើយើងនៅគិតវាដល់ណាទៀត។ យើងសង្កើតឃើញ សកម្មភាពនេះវាបានកើតឡើងច្រើនណាស់ ជាពិសេសសម្រាប់មនុស្សវ័យជំទង់ ដែលរហូតដល់ហ៊ានសម្រេចចិត្តផ្តេសផ្តាស បង្កើតរបួសលើខ្លួន ឬសម្លាប់ខ្លួន…ជាដើម ឬក្លាយជាមនុស្សវិកលដើរតាមថ្នល់….។ល។ យើងត្រូវគិតថា មនុស្សយើងកើតមកមិនបានយកទ្រព្យអ្វីមកទេ គ្រាន់តែយករាងកាយ ខួរក្បាល ចិត្ត បេះដូង គ្រឿងក្នុង មក…ប៉ុន្តែបើវាបានទទួលជាមានជម្ងឺណាមួយកើតឡើងលើវាព្យាបាលមិនជាទៅហើយ ក៏មិនគួរនៅស្តាយស្រណោះ គិតច្រើនហួសហេតុពេកដែរ មិនអាចបានមកវិញទេ ហើយជាពិេសេសរបស់ទ្រព្យដែលយើងរកបាន ពេលយើងអស់ដង្ហើមទៅ ក៏មិនអាចយកទៅតាមដែរ​ មិនត្រូវមានអារម្មណ៍ ឬការគិតលោភលន់ពន់ប្រមាណពេកអីនោះដែរ។

វិធីយ៉ាងសាមញ្ញមួយផ្សេងទៀតដែលអា​ចបន្ថយអាការៈនៃជម្ងឺបាក់ទឹកចិត្ត គឺស្តាប់ភ្លេងដែលយើងចូលចិត្ត (មិនគួរស្តាប់ចម្រៀងទេ ព្រោះចម្រៀងវាមានពាក្យពេចន៍ផ្សេងៗដែលអាចរឹតតែធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កំសត់របស់អ្នក)។ ឬក៏ស្តាប់ធម៌ (អ្នកមានជំនឿបែបពុទ្ធសាសនា) ក៏អាចជួយរំលត់ កំចាត់បង់នូវភាពសោកសៅនានា ហើយថែមទាំងអាចស្វែងរកនូវពន្លឺក្នុងការដោះស្រាយបញ្ហាចំពោះមុខបានទៀតផង។ លើសពីនេះ លោកអ្នកក៏អាចសាកល្បងវិធីសាស្រ្តតាំងសម្មាធិ (Meditation) នៅទីស្ថានស្ងប់ស្ងាត់តាមវិធីដែលត្រឹមត្រូវ វាក៏អាចជួយសម្រួល ឬព្យាបាលជម្ងឺបាក់ទឹកចិត្តបានផងដែរ។ បើអាច លោកអ្នកអាចជ្រើសរើសទីរមនីយដ្ឋានធម្មជាតិពិតៗមួយ ឬច្រើន ដើម្បីទៅកសាងថាមពលផ្លូវចិត្តលោកអ្នកដែលបាត់បង់ឡើងមកវិញ…។ល៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ