មនុស្សគ្រប់រូបតែងតែចង់បានផ្ទៃមុខស រលោង និងស្រស់ស្អាត។ ដោយសារតែចង់បានផ្ទៃមុខស្រស់ស្អាតនេះហើយ ទើបមានអ្នកខ្លះហ៊ានចំណាយលុយជាច្រើនទិញផលិតផលយកមកលាបមុខ។ អ្នកខ្លះលាបហើយមុខស្រស់ស្អាតដូចបំណងប្រាថ្នា ចំណែកអ្នកខ្លះទៀតលាបហើយមុខកាន់តែអាក្រក់លើសដើម ពោលគឺ ជាំ សម្លាក ឬអាឡែកហ្ស៊ីជាដើម។

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
តាមពិតទៅមនុស្សយើងម្នាក់ៗសុទ្ធតែអាចធ្វើឱ្យផ្ទៃមុខខ្លួនឯងស ភ្លឺ រលោង ហ្មត់ខៃ និងស្រស់ស្អាតបានគ្រប់ៗគ្នា ប៉ុន្តែគ្រាន់តែពួកគេមិនបានដឹងពីវិធីថែរក្សាទាំងនោះតែប៉ុណ្ណោះ។ តើមានវិធីសាស្រ្តអ្វីដែលធ្វើឱ្យផ្ទៃមុខសហ្មត់រលោង ដោយពុំចាំបាច់ចំណាយលុយ? គឺប្រាកដជាមាន ដោយលោកអ្នកគ្រាន់តែអនុវត្តតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖
ទី១ នៅពេលដើរចេញទៅក្រៅផ្ទះត្រូវកម្ដៅថ្ងៃ ហើយត្រឡប់ចូលក្នុងផ្ទះវិញ សូមកុំទាន់លុបលាងមុខភ្លាមៗឱ្យសោះ គឺត្រូវរង់ចាំយ៉ាងហោចណាស់១៥នាទីសិន ចាំលុបលាងមុខ។ ហេតុអ្វី? ព្រោះថា បើយើងលុបមុខទាំងដែលស្បែកមុខកំពុងតែក្ដៅ វានឹងធ្វើឱ្យស្បែកមុខយើងជាំ ឬរោលមិនខានឡើយ។
ទី២ ការបាត់បង់ជាតិទឹក ឬខ្វះជាតិក្នុងខ្លួន នឹងធ្វើឱ្យស្បែករបស់យើងជ្រីវជ្រួញ គ្រើម និងចាស់ជាងវ័យ។ ដូច្នេះដើម្បីឱ្យស្បែកភ្លឺរលោង និងមានសំណើមល្អ ក្នុងមួយថ្ងៃយើងត្រូវញ៉ាំទឹកឱ្យបានចន្លោះពី៨ទៅ១២កែវ។ ត្រូវចាំថា បើអ្នកញ៉ាំទឹកបានកាន់តែច្រើន នោះស្បែករបស់អ្នកក៏កាន់តែស្រស់ស្អាត និងភ្លឺរលោងផងដែរ។
ទី៣ មនុស្សភាគច្រើនចូលចិត្តយកដៃទៅអង្អែលស្បែកមុខលេង ជាហេតុធ្វើឱ្យស្បែកមុខពួកគេក្រវេមក្រវាមដូចមុខមេអំបៅអ៊ីចឹង។ មានន័យថា ដៃយើងកុំរពិសពេក កុំប៉ះឬអង្វែល កុំឆ្កឹះផ្ទៃមុខលេង ព្រោះដៃយើងពោរពេញទៅដោយមេរោគ។ បើមេរោគនៅជាប់ដៃ ហើយយើងយកដៃទៅអង្អែលផ្ទៃមុខ ឬឆ្កឹះឆ្កៀលផ្ទៃមុខលេង នោះប្រាកដជាធ្វើឱ្យមុខយើងជាំ ឬដំបៅមិនងាយជាឡើយ។
ទី៤ ត្រូវលុបមុខនឹងទឹកក្ដៅឧណ្ហៗឱ្យបានញឹកញាប់។ ទោះបីជារវល់នឹងការងារខ្លាំងយ៉ាងណាក៏ដោយ ក្នុងមួយថ្ងៃត្រូវលុបមុខនឹងទឹកក្ដៅឧណ្ហៗយ៉ាងតិចឱ្យបាន៤ដង ហើយយកកន្សែងស្អាតមកជូតផ្ទៃមុខថ្នមៗ។ ក្នុងរយៈពេលលុបមុខដំបូងស្បែកមុខយើងឡើងតឹង និងរបកៗបន្តិច ប៉ុន្តែលុះពេលលុបបានប្រហែលជា២ទៅ៣សប្ដាហ៍ក្រោយមក ស្បែកមុខយើងឡើងទន់ល្មើយខុសពីធម្មតា ហើយរលោងថែមទៀតផង។
ទី៥ កក់សក់ឱ្យបានញឹកញាប់។ ប្រសិនបើយើងខ្ជិលកក់សក់ នោះស្បែកមុខយើងក៏អាក្រក់ទៅតាមហ្នឹងដែរ។ អ៊ីចឹងរៀងរាល់មុនពេលចូលគេងយើងត្រូវកក់សក់ និងលាងមុខនឹងសាប៊ូឱ្យបានស្អាត ដើម្បីកុំឱ្យមានមេរោគនៅជាប់ស្បែកក្បាល និងផ្ទៃមុខរបស់យើង។ ប្រសិនបើយើងមិនបានកក់សក់ និងលាងសម្អាតមុខមុនពេលចូលគេងទេ ខ្លាញ់និងធូលីដីនៅមុខយើងហ្នឹង បូករួមនឹងសក់យើងមានមេរោគទៀត ដូច្នេះពេលយើងគេងទៅប៉ះចុះប៉ះឡើង ធ្វើឱ្យមុខយើងបិទរន្ធជិតអស់រលីង ជាហេតុធ្វើឱ្យមុខយើងឡើងជាំ កើតមុន ហើយចាស់មុនអាយុ។
ទី៦ បោកគក់ស្រោមខ្នើយ។ តើប៉ុន្មានថ្ងៃទើបអ្នកទាំងអស់គ្នាបោកគក់ស្រោមខ្នើយម្ដង? អ្នកខ្លះថា១ខែបោកគក់ម្ដង ចំណែកអ្នកខ្លះទៀតថាកន្លះឆ្នាំទើបបោកគក់ម្ដង។ បើខ្ជិលដល់ម្ល៉ឹងៗ តើឱ្យផ្ទៃមុខរលោងស្អាតយ៉ាងម៉េចនឹងកើតទៅ? ក្នុងមួយសប្ដាហ៍ត្រូវបោកគក់ ឬប្ដូរស្រោមខ្នើយឱ្យបានពីរដងយ៉ាងតិច។ ព្រោះបើយើងមិនងាយប្ដូរ ឬមិនងាយបោកគក់ស្រោមខ្នើយ នោះធូលីដី និងមេរោគផ្សេងៗនឹងផ្ដុំគ្នានៅជាប់ស្រោមខ្នើយនោះ លុះពេលយើងកើយទៅធ្វើឱ្យមុខយើងឡើងមុន ឬអាឡែកហ្ស៊ីជាដើម។
ទី៧ កុំញ៉ាំអាហារមានជាតិខ្លាញ់ ហឹរ ជូរ ចត់ និងប្រើគ្រឿងគ្រៅច្រើន ព្រោះអាហារទាំងអស់ហ្នឹងសុទ្ធតែអាឡែកហ្ស៊ីជាមួយស្បែកមុខរបស់យើង។
ទី៨ កុំលាបឡេ ឬម្សៅផ្ដេសផ្ដាស។ ឡេ និងម្សៅ គឺជាផលិតផលដែលមានផ្ទុកសារធាតុគីមី ដែលអាចធ្វើឱ្យស្បែករបស់យើងអាឡែកហ្ស៊ី រមាស់ ហើម ឡើងក្រហម និងដំបៅជាដើម។ ប៉ុន្តែក្នុងករណីយើងចង់លាប គឺត្រូវតែលាបសាកល្បងកន្លែងណាមួយសិន ហើយប្រសិនបើគ្មានប្រតិកម្មអ្វីទេ យើងអាចលាបបាន។
ទី៩ ត្រូវហាត់ប្រាណឱ្យបានច្រើន។ ការហាត់ប្រាណ ក៏ជាចំណែកមួយជួយឱ្យស្បែកយើងស្រស់ស្អាត និងតឹងណែនផងដែរ។ នៅពេលហាត់ប្រាណបែកញើស ជាតិពុលក្នុងខ្លួនទាំងប៉ុន្មាននឹងហូរជ្រាបចេញតាមញើស ដូច្នេះវាធ្វើឱ្យកោសិកាស្បែកយើងមានសុខភាពល្អ។
ប្រភព៖ MJQ University Press
