គួរយល់ដឹង
ពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់នៅថ្ងៃនេះ… បានប៉ុន្មានវត្តដែរ?
បុណ្យភ្ជុំបិណ្ឌ (Ancestor’s Day) គឺជាពិធីបុណ្យប្រពៃណីបែបសាសនារបស់ប្រជាជាតិកម្ពុជាទាំងមូលដែលមានរយៈពេល15ថ្ងៃ ហើយថ្ងៃភ្ជុំធំគឺត្រូវនឹងថ្ងៃទី15រោច នៃខែទី10បើរាប់តាមខែខ្មែរ។ ពេលវេលានេះ ជាពេលវេលាដ៏វិសេសវិសាលបំផុត ដែលប្រជាពលរដ្ឋខ្មែរឧទ្ទិសកុសល ពីអំណាចនៃផលបុណ្យរៀងៗខ្លួនតាមរយៈការវេរ ប្រគេន ចង្ហាន់ និងគ្រឿងរណ្តាប់ប្រើប្រាស់ផ្សេងៗដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ជូនដល់ឧប្បការីជន និងញាតិកាទាំងប្រាំពីរសន្តាន ដែលចែកឋានទៅលោកខាងមុខ។
លក្ខណៈនៃពិធីនេះ គឺនៅតាមវត្តអារាម ព្រះសង្ឃសូត្រធម៌ជាភាសាបាលីវេលាយប់អាធ្រាត្រដោយមិនឈប់ ដើម្បីឲ្យទ្វារនៃឋាននរកបើក ដែលនេះជាពិធីដែលធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ នៅពេលដែលទ្វារនៃឋាននរកបានបើក ដួងព្រលឹង (វិញ្ញាណ)នៃអ្នកដែលបានស្លាប់ទៅ (ហៅថា ប្រេត) នឹងភ្ញាក់ឡើង ដើម្បីបានមកទទួលនូវបាយបិណ្ឌ (បាយពូនជាដុំៗ) និងកុសលទាំងឡាយដែលកូនចៅនៅរស់បញ្ជូនឲ្យ។ ប្រេត ខ្លះក៏បានរួចផុតពីឋាននរក ដោយអំណាចនៃកុសលផលបុណ្យដែលគាត់បានបំពេញកន្លងមក និងរបស់កូនចៅដែលឧទ្ទិសបញ្ជូនផង។ ចំណែកបុព្វការីជននៃក្រុមគ្រួសារដែលបានរស់នៅឋានសួគ៌រួច ក៏បានទទួលអំណាចផលបុណ្យបន្ថែមទៀតផងដែរ។
ពិធីបុណ្យនេះ ត្រូវបានចាត់ទុកជាពិធីដ៏ពិសេសមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ដូចគ្នានេះផងដែរ គេក៏ឃើញមានប្រភេទពិធីបុណ្យស្រដៀងនេះនៅប្រទេសស្រីលង្កា និងប្រទេសតៃវ៉ាន់ផងដែរ ដែលមានឈ្មោះថា ពិធីបុណ្យដួងព្រលឹង (Ghost Festival) ដែលមានប្រវត្តិរឿងពីរជ្ជកាលស្តេចយ៉ាម៉ា (King Yama) ដរាបមក។
សម្រាប់ប្រជាពលរដ្ឋកម្ពុជា បានឈប់សម្រាករយៈពេលបីថ្ងៃពេញ គឺមុនមួយថ្ងៃ ថ្ងៃបុណ្យភ្ជុំបិណ្ឌផ្ទាល់ (ថ្ងៃបិណ្ឌធំ) និងក្រោយមួយថ្ងៃទៀត។ នៅចន្លោះពេលអញ្ជើញទៅវត្តដើម្បីបំពេញពិធីនេះ គ្រប់ក្រុមគ្រួសារបានជួបជុំគ្នានៅតាមគេហដ្ឋាន ឬធ្វើដំណើរកំសាន្តទៅខេត្តនានា ឬបរទេសជុំគ្នា ប្រកបដោយសេចក្តីសប្បាយរីករាយជាទីបំផុត។
ចុះលោកអ្នកបានអញ្ជើញទៅប៉ុន្មានវត្តហើយ? បានអញ្ជើញទៅកំសាន្តទីណាទេ? សៀមរាប អង្គរ ឬតំបន់ភ្នំ មាត់សមុទ្រ ឬ…? សូមចែករំលែកផលបុណ្យ និងអនុមោទនាកុសលផលបុណ្យទាំងអស់គ្នា៕