កុំព្យូទ័រយួរដៃ
គម្ពីរ “Koompi” រាជបុត្រLaptop ទើបប្រសូតសម្រាប់កម្ពុជា
កុំព្យូទ័រ (Computer) ជាឧបករណ៍អេឡិចត្រូនិចមួយ ដែលមានរូបរាងឡើងតាំងពីឆ្នាំ1613 ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការគណនា (Calculation device) ប៉ុណ្ណោះ។ ក្រោយមក ដោយមានការរួមបញ្ចូលរវាងលេខនព្វន្ធ (Arithmetic) ឬ តក្កវិទ្យា (Logical) យើងឃើញថា កម្មវិធី (Program) ត្រូវបានបង្កើតឡើងយ៉ាងច្រើនជាបន្តបន្ទាប់រហូតមកទល់នឹងបច្ចុប្បន្ននេះ។ តាំងពីសម័យមុន កុំព្យូទ័រមានមាឌធំសម្បើមណាស់ សឹងតែមួយផ្ទះល្វែងឯណោះសម្រាប់តំឡើងឧបករណ៍នេះ ប៉ុន្តែបច្ចុប្បន្នអ្វីៗកាន់តែទំនើបឡើងៗ រកតាមមិនទាន់តែម្តង ធ្វើឲ្យឧបករណ៍អេឡិចត្រូនិចទាំងឡាយត្រូវបានផលិតឡើងដោយបង្រួមមាឌកាន់តែតូចៗ យកតែមែនទែនតែម្តង ហួសពីការស្មាន។
កុំព្យូទ័រយួរដៃ (Laptop ឬអាចហៅថា Notebook Computer ឬហៅកាត់ Notebook) មានមាឌតូចដូចសៀវភៅសរសេរអញ្ចឹង វាត្រូវបានគេបង្កើតឡើងដំបូងបំផុតក្នុងឆ្នាំ 1971 ដែលជាគំនិតរកឃើញដោយលោក Alan Kay ក្នុងឆ្នាំ 1968 ដោយគាត់ឲ្យឈ្មោះថា Dynabook (1972)។ ទន្ទឹមគ្នានឹងដែរ IBM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1973 ព្រមទាំងក្រុមហ៊ុនជាច្រើនទៀតចាប់ផ្តើមបង្កើតផលិតផលរបស់ខ្លួនជាបន្តបន្ទាប់រហូតមកទល់នឹងបច្ចុប្បន្ននេះ។
ដើមឡើយនៅក្នុងប្រទេសកម្ពុជាយើង មិនទាន់សំបូរប្រើនៅឡើយទេ បើមានកុំព្យូទ័រលើតុ (Desktop Computer) មួយនឹងតម្លៃជាង $1000 ឯណោះ (វាក្លាយទៅជារបស់ទុកចោលទៅហើយបច្ចុប្បន្ននេះ) ហាក់ដូចជាមានព្រះ មួយអង្គក្នុងផ្ទះចឹង។ សម្រាប់អ្នកចង់រៀនចុចកុំព្យូទ័រដំបូង ពេលនោះវាការលំបាកវេទនាជាខ្លាំង ទី១អត់លុយទិញ ទី២មិនសំបូររបស់លក់ អ្នកខ្លះទៅសុំ Keyboard ខូចៗមកចុច ទាំងដែលមិនមាន Screen មើល (ចុចដោយការស្រម៉ៃ)។ ក្រោយមកទើបសំបូរនាំចូលមកលក់ រហូតដល់ឆ្នាំ2000 ចាប់ផ្តើមសំបូរលក់ Laptop នៅខ្មែរយើង តែតម្លៃក៏នៅតែថ្លៃគឺជាង$1000ដដែលហ្នឹង ។
ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរអស់ហើយ រហូតមកទល់នឹងឆ្នាំ 2018 នេះ ក្រុមការងារមួយក្រុម ឈ្មោះ SmallWorld (ពិភពតូច) ដឹកនាំដោយបងប្រុសឈ្មោះ ធុល រិទ្ធី (Thul Rithy) បានបង្កើត Laptop រាងត្រដៀង Macbook របស់ក្រុមហ៊ុន Apple Inc. តែមានតម្លៃធូរជាងច្រើន ដែលអាចឲ្យបងប្អូនកូនក្មួយខ្មែរយើងមានលទ្ធភាពទិញប្រើ ក្នុងតម្លៃប្រមាណ $369 ប៉ុណ្ណោះ បើមើលទៅគ្រឿងខាងក្នុងវិញ កប់ៗតែម្តង Ram រហូត8Gb ទំហំផ្ទុកឯកសារ 128SSD (អាចបន្ថែមបាន256Gb) ដើរដោយប្រព័ន្ធដំណើរការទើបបង្កើតថ្មីដោយខ្មែរយើងឈ្មោះ Krama OS ដែលអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ ជាមួយនឹងក្រាហ្វិច អាចទ្រទ្រង់ដល់ប្រភេទហ្គេមធំៗ និងផ្នែកគូរប្លង់ផងដែរ ចំណែកអេក្រង់គឺ Panel IPS និងថ្មប្រើបានពី7 ទៅ8ម៉ោង លើសពីនោះ មានកម្មវិធីសម្រាប់ប្រើដូចជា៖ Office, PDF Reader រួចស្រេច និងកម្មវិធីជាច្រើនទៀត។ SmallWorld បានទទួលការសហការពីសហគ្រិនវ័យក្មេងក្នុងឆ្នាំ 2011 ឥឡូវ SmallWorld បានបោះជំហានយ៉ាងធំមួយទៅកាន់ពិភពបច្ចេកវិទ្យា គឺការផលិតកុំព្យូទ័រយួរដៃរបស់ខ្លួន ឈ្មោះថា គម្ពីរ “Koompi” ក្នុងបំណងធំជំរុញកូនខ្មែរបានប្រើ ព្រមទាំង អ្នកសិក្សា អ្នកសសេរកូដ រួមនឹងវិស្វករផងដែរ៕
សូមតាមដានមើលវីដេអូ CTN និងNICE TV ស្តីពីលក្ខណៈពិសេសៗរបស់ Koompi ដូចតទៅ៖