គួរ​យល់​ដឹង

អនុវត្តចំនុចសាមញ្ញទាំងនេះ ធ្វើឲ្យគូរស្រកររួមរស់នឹងគ្នាដោយសុខដុម (មានវីដេអូ)

Posted on

(អត្ថបទនេះអានចំនួន 1 នាទី)

ជីវិតគ្រួសារ គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នាទាំងបុរស និងនារី (បច្ចុប្បន្នភេទទី៣ផងដែរ) ហើយចង់បានលើសពីនោះ មិនត្រឹមតែការរៀបការហើយចប់នោះទេ គឺចង់បានការរស់នៅជាមួយ មើលថែទាំគ្នា មានកូន មានចៅ រហូតអស់ជីវិតរៀងខ្លួន។ ប៉ុន្តែការពិតមិនបានតាមចិត្តប្រាថ្នានោះឡើយកុំថាឡើយជីវិតគ្រួសារ…។ល។

មានអ្នកឲ្យយោបល់ជាច្រើនដល់បុរស និងនារី មុននឹងសម្រេចចិត្តជ្រើសរើសនរណាជាដៃគូជីវិតមករស់នៅក្នុងពិភពរបស់ខ្លួនថា ត្រូវស្វែងយល់គ្នាឲ្យបានកាន់តែច្រើនកាន់តែប្រសើរ អាចចំណាយពេលរាប់ឆ្នាំ…ជាដើម តែចុងក្រោយរៀបការនឹងគ្នាបានតែមួយខែក៏លែងគ្នាដដែល។ ដោយយោងតាមអ្នកជំនាញខាងជីវិតរៀបការ លោក ចន ហ្គូតមែន (John Gottman) គាត់អាចវាយតម្លៃដៃគូប្រុសស្រីគូណាក៏ដោយ ដែលពិភាក្សានៅមុខគាត់តែ ១៥នាទី គាត់សន្និដ្ឋានបានថាគូនេះរស់នៅជុំគ្នា ឬបែកគ្នាបាន។ លោកបានបន្តឲ្យដឹងទៀតថា ជីវិតអាពាហ៍ពិពាហ៍ ឬជីវិតគ្រួសារដែលរៀបការរួចបានជោគជ័យ ឬមិនជោគជ័យ មិនមែនអាស្រ័យលើការអង្គុយពិសារអាហារទល់មុខញញឹមដាក់គ្នាក្រោមពន្លឺភ្លើងទៀននោះទេ ហើយក៏មិនមែនដោយសារតែប្តីប្រពន្ធនោះត្រូវតែមានលុយកាក់ដើម្បីដើរកំសាន្តទៅទួរអែហ្វហ្វែល (Tower Eiffel) នៅប៉ារីស ឬដើរតាមឆ្នេរខ្សាច់ដ៏វែងអន្លាយតាមតំបន់មាត់សមុទ្រ ឬក៏ជិះរទេះសេះគយគន់ព្រៃព្រឹក្សាក្រោមពន្លឺដួងច័ន្ទភ្លេកៗនោះដែរ ឬក៏ត្រូវទិញរបស់រ​បរ វត្ថុអនុស្សាវរីយ៍ជារឿយៗនោះដែរ….។ល។ ប៉ុន្តែអ្វីដែលលោក Gottman​ សង្កត់ធ្ងន់លើអ្វីដែលបណ្តាលឲ្យប្តីប្រពន្ធដែលរៀបការរួចអាចរួមរស់ដោយសុខដុមនឹងគ្នាបាន មានតែចំនុចពិសេសមួយគត់ គឺការចាប់អារម្មណ៍ (Attention)។ លោកថាការចាប់អារម្មណ៍គ្នាទៅវិញទៅមក ជារឿងតូចបំផុតមួយដែលយើងមើលរំលង។ គ្រាន់តែឮពាក្យនេះភ្លាម Admin នឹកឃើញដល់រឿងរ៉ាវសឹងតែគ្រប់គូរស្វាមីភរិយា ភាគច្រើនសឹងតែ​100% ទោះស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយក៏នៅតែមានការប្រេះបាក់បែកនៅទីបំផុតដ៏ខ្លី ជាពិសេសពេលប្រពន្ធមានកូនមួយដំបូងហ្នឹងតែម្តង។

តាមពិតទៅរឿងរ៉ាវមិនត្រូវបាននាំដល់បែកបាក់គ្នានោះទេ ប្រសិនបើបានស្វែងយល់ពីវិធីនៃការរស់នៅសុខដុមនឹងគ្នាដូច Reamker.com កំពុងបង្ហាញនេះ គឺការចាប់អារម្មណ៍។ ចឹងតើត្រូវចាប់អារម្មណ៍អ្វីខ្លះទៅសម្រាប់ប្តីប្រពន្ធទៅវិញទៅមកនោះ? តោះ! សូមអានចំនុចដូចខាងក្រោម៖

1. ប្រើការនិយាយសាមញ្ញបំផុតដូចជា៖ បង/អូន ស្រឡាញ់ម៉ូដសក់អូនព្រឹកនេះដល់ហើយ (I love the way your hair looked, this morning) ។
2. ផ្ញើសារចេញពីបេះដូងតែពាក្យ3ម៉ាត់៖ បង/អូន នឹកអូន/បង (I miss you) ។
3. ការសរសើរដ៏សាមញ្ញបំផុត៖ លើកទឹកចិត្តប្រសើរជាងបន្ទោស (Praise better than blame)។
4. ពាក្យកក់ក្តៅប៉ុន្មានម៉ាត់ ទោះពេលនោះយើងភ័យបារម្ភដូចគ្នាតែ៖ បង/អូន នៅទីនេះ អ្វីៗនឹងប្រសើរឡើង (I’m here. It’s gonna be okay)។
5. មើលទូរទស្សន៍ប៉ុស្តិ៍ដែលចូលចិត្ត រួចរៀបរាប់រឿងស្តីពីថ្ងៃនេះឲ្យដៃគូរស្តាប់, ជជែកពីរឿងអស់សំណើច…។ល។
6. ការថើបដ៏រហ័សបំផុត៖ ថើបនៅត្រង់ថ្ងាស។
7. ផ្តល់ក្តីសុខឲ្យគ្នាតាមរយៈកែវភ្នែក និងស្នាមញញឹម៖ មើលភ្នែកគ្នា ​(Eye Contact with Smile)។
8. មិនចាំបាច់ទៅរាំនៅក្លឹប៖ នៅចង្ក្រានបាយក៏រាំដោយពោរពេញដោយសេចក្តីសុខ។
9. យកទឹកឲ្យញាំមួយកែវពេលអ្នកញាំវាមួយកែវដែរ។
10. ស្តាប់គ្នាទៅវិញទៅមក ដោយប្រើការពិចារណាខ្ពស់។

សរុបមកគឺជាចំណែកដ៏តូចៗបំផុតមែនទេ? វាមិនមែនជារឿងដែលធ្វើមិនបានដូចសន្សំលុយទៅដើរលេងបំផ្លាញលុយនៅបរទេស ទិញមាសពេជ្រ ទូរស័ព្ទ iPhone X Max ឬខោអាវស្បែកជើងប្រេនៗ អីណាមែនទេ? ហើយក្នុងសាច់រឿងនេះ គ្រាន់តែចង់បញ្ជាក់ថា បុរសយល់ពីនារី ហើយនារីត្រូវយល់ពីបុរសដូចគ្នា មិនត្រូវយល់តែពីអារម្មណ៍ម្ខាងៗនោះឡើយ។ ហេតុអ្វីចាំបា​ច់រឹងរូស ម្ញិម៉្ញក់ដូចក្មេង ហើយលើកដាក់ពាក្យសម្តីទៅវិញទៅមកធ្វើអ្វី? ដើម្បីអ្វីទៅ? ចង់ឈ្នះចាញ់? ដូចពេលរៀបការតាមប្រពៃណីខ្មែរពីមុនមក (បច្ចុប្បន្នមិនត្រូវបានយកមកប្រតិបត្តិ) គឺឲ្យតួប្រុសនិងស្រី ថ្ងៃរៀបការហ្នឹង គេងលើអំបិលដែលរៀបពាសពេញកន្ទេល ក្នុងន័យឲ្យចេះខំអត់ទៅវិញទៅមកពេលរួមរស់នឹងគ្នា បើម្ខាងរង្គើម្ខាងទៀតស្ងៀមបើមិនចឹងទេអំបិលនឹងខ្ទាតចេញពីកន្ទេល​ នោះមានន័យថាប្តីប្រពន្ធមិនចេះអត់អោនឲ្យគ្នា យកតែឈ្នះមិនសហការគ្នា…ជាដើម។

ចឹងមុនសម្រេចចិត្តរៀបការនឹងគ្នា តើខាងបុរស និងខាងនារី គាត់បានត្រៀមចិត្ត និងកាយរួចរាល់ហើយឬនៅ? សូមជូនពរឲ្យលោកអ្នកមានគូរស្រកររៀបការរួច រួមរស់នឹងគ្នារហូតតរៀងទៅ ដោយប្រើការចាប់អារម្មណ៍ (Attention)៕

អត្ថបទពេញនិយម

Exit mobile version