គួរយល់ដឹង
លោក Mark Zuckerberg បានបញ្ជាគ្រប់ប្រធានផ្នែក Facebook ទាំងអស់ប្រើទូរស័ព្ទដៃ Android
យោងតាមគេហទំព័រ Theverge បានដកស្រង់ពី The New York Times ថា CEO របស់ Facebook គឺលោក Mark Zuckerberg បានបញ្ជារឲ្យក្រុមការងារគ្រប់គ្រងរបស់គាត់ប្រើតែទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Android ប៉ុណ្ណោះ។ មូលហេតុដែលឈានដល់ការសម្រេចចិត្តបែបនេះ បន្ទាប់ពី CEO របស់ក្រុមហ៊ុន Apple គឺលោក Tim Cook បានរិះគន់ធ្ងន់ៗលើប្រព័ន្ធបណ្តាញសង្គមដ៏ធំលើពិភពលោក Facebook ថាបានចរាចរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងកិច្ចសម្ភាសន៍មួយជាមួយ MSNBC។
លោក Mark Zuckerberg មានការប្រតិកម្មយ៉ាងខ្លាំងទៅនឹងពាក្យសម្ពីរបស់លោក Tim Cook។ លោក Mark បន្ថែមថា “យើងបានជំរុញក្រុមការងារ និងបុគ្គលិកឲ្យប្រើ Android យូរមកហើយ ដោយវាជា OS ដ៏ពេញនិយមបំផុតក្នុងពិភពលោកយើងនេះ” ក្នុងន័យតបទៅវិញតាមរយៈ the New York Times។ គួររំលឹកផងដែរថា Android ជា OS ដែលនិយមប្រើលើពិភពលោក រួមមានទ្វីបអាហ្វ្រិច អាមេរិចខាងត្បូង អឺរ៉ុប រុស្សី អាស៊ី…ជាដើម តែក្រៅពីសហរដ្ឋអាមេរិច។
ដូចគ្នានេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ជាក់ស្តែងក្រុមហ៊ុន Snap បានជំរុញយ៉ាងខ្លាំងក្លាផងដែរឲ្យបុគ្គលិកខ្លួនប្រើទូរស័ព្ទដំណើរការដោយ Android។ ប៉ុន្តែមើលទៅហាក់បុគ្គលិកបំពេញការងារផ្នែកបច្ចេកវិទ្យាប្រើទូរស័ព្ទប្រភេទ Android នេះមិនច្រើននោះទេ។