គួរយល់ដឹង
សេះចម្បាំងអូសនង្គ័ល (រឿងនិទានខ្លី ៗ បង្រៀនគំនិត)
គ្រាមួយយូរមកហើយ មានមហាក្សត្រមួយព្រះអង្គចិញ្ចឹមសេះចម្បាំងពូជល្អទុកជាច្រើន។ សេះមួយៗធំធាត់រឹងមាំហើយត្រូវបានបង្វឹកយ៉ាងល្អ។ ប្រទេសជិតខាងបានលើកទ័ពមករុករានច្រើន លើកច្រើនសារក៏សុទ្ធតែត្រូវបានសេះជំនាញការសឹកសង្គ្រាមវាយលុកឲ្យបរាជ័យភិតភ័យ ខ្លបខ្លាច ប្រទេសជិតខាងទាំងនោះក៏សុំចចារចុះចាញ់។
ពេលភ្លើងសង្គ្រាមស្ងប់ស្ងាត់ហើយ ព្រះមហាក្សត្រក៏ទ្រង់ព្រះតម្រិះថា “ពេលនេះស្រុកទេស ក៏មានតែសន្តិសុខហើយ យើងនឹងចិញ្ចឹមសេះចម្បាំងទាំងនេះទុកធ្វើអ្វីទៀត ខ្វះទាំងលុយកាក់ ខ្វះទាំងកម្លាំងមនុស្ស”។ មហាក្រត្រអង្គនេះដើរគិតដេកគិតមួយរយៈក៏នឹកឃើញថា “គួរតែ បញ្ជូនសេះចម្បាំងចុះទៅជួយប្រជារាស្ត្រ ជួយពួកគេអូសរទេះរឺនង្គ័លភ្ជួស្រែ ជាការសំចៃ ថវិការរដ្ឋថែមទាំងជាការអាចជួយប្រជារាស្ត្របានមួយផ្លូវទៀត ពេលមានភាពចំាបាច់ក៏អាច ហៅប្រមូលចូលប្រចាំកងទ័ពបានគ្រប់ពេលវេលា”។
រឿងនិទានខ្លី ៗ សេះចម្បាំងអូសនង្គ័ល (បង្រៀនគំនិត)
ពេលព្រះមហាក្សត្របានប្រកាស់ចេតនារម្មណ៍របស់ព្រះអង្គទៅកាន់ប្រជារាស្ត្រហើយ អ្នកនគរ ក៏នាំគ្នាមកដឹកសេះចេញពីវាំងយកទៅប្រើការអស់ កំឡុងពេលនោះសេះចម្បាំងទាំងនោះក៏នឿយហត់ក្នុងការអូសរទេះអូសនង្គ័លយ៉ាងសស្រាកសស្រាំមិនបានឈប់សម្រាកឡើយ។
ជាច្រើនឆ្នាំកន្លងផុតទៅ ប្រទេសជិតខាងសន្សំកម្លាំងបានរឹងមាំខ្លាំងឡើងជាលំដាប់ ទើបប្រមូលទ័ពចូលមកវាយយកនគរនេះដូចកាលពីប៉ុន្មានឆ្នាំមុន។ ព្រះមហាក្សត្រប្រញាប់ហៅឲ្យប្រមូលសេះចម្បាំងពីប្រជារាស្រ្តមករៀបចំទ័ពដើម្បីចូលច្បាំង តែពេលត្រែជាសញ្ញាចម្បាំងលាន់ឮឡើងសេះចម្បាំងទាំងអស់នោះ មិនបានស្ទុះចូលកំទេចសឹកសត្រូវដូចពីពេលមុនឡើយ ត្រឡប់ឈ្ងោកមុខដើរវិលវង់ទៅមកនៅនឹងកន្លែងម្តងហើយម្តងទៀត គ្មានមួយណាសម្តែងភាពហាវហានដូច
កាលពីអតីតសោះឡើយ ព្រោះពួកវាស៊ាំនឹងការអូសនង្គ័លរហូតភ្លេចវិធីចម្បាំងអស់ទៅហើយ។
រឿងនិទានខ្លី ៗ សេះចម្បាំងអូសនង្គ័ល (បង្រៀនគំនិត)
(កំណត់ត្រាក្នុង “តាជួងអៀនលុនជិង”)
គតិក្នុងរឿងនេះ
លទ្ធផលក្នុងសង្រ្គាមគ្រានេះចេញមកដូចម្តេចនោះប្រហែលជាយើងអាចដឹងបានហើយ។ ក្សត្រល្ងង់អង្គនេះបានបំផ្លាញសេះចម្បាំងដ៏ជំនាញការសឹករបស់ខ្លួនដោយដៃរបស់ខ្លួនឯងរហូតរកចំណែកល្អគ្មាន។ សេះចម្បាំងប្រើសម្រាប់ធ្វើចម្បាំង ទៅប្រើវាឲ្យអូសរទេះអូសនង្គ័លអស់កាលជាយូរ ម៉េចនឹងត្រូវទៅ។
ទំនងដូចគ្នានេះដែរ ពេលយើងពិចារណាក្នុងមុំមួយផ្សេងទៀត ការដែលមិនព្រមឲ្យមនុស្សដែលមានជំនាញការក្នុងឯកទេសបច្ចេកទេសទៅពង្រីកកិច្ចការតាមជំនាញរបស់ខ្លួន តែត្រឡប់ឲ្យទៅធ្វើក្នុងការងារដែលខ្លួនមិនបានរៀនមកដែលខ្លួនមិនជំនាញ ចាត់ទុកជាទង្វើដ៏ឆោតខ្លៅមួយដែលបំផ្លាញធនធានមនុស្សយ៉ាងគួរឲ្យស្តាយ។
ការដែល (បុគ្គល,អង្គការ) នឹងហ្វឹកហាត់អប់រំព្រមទាំងប្រើប្រាស់ធនធាន(បុគ្គល,មនុស្ស)ដូចម្តេចទើបសមគួរនោះរឿងដែលបានពោលមកខាងលើនេះបានស្នើបញ្ហាដែលគួរឲ្យគិតរិះរេក្រៃលែង។