វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាន់តែមានវិសាលភាពធំៗឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ អភិវឌ្ឍឥតឈប់ឈរ ហើយកាន់តែពិសេស ជាមួយនឹងគុណភាព គុណសម្បត្តិផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនមួយចំនួនបានផ្តោតការយកចិត្តទុកដាក់ទៅលើមនុស្សយន្ត (Robot) តូចៗ គួរឲ្យស្រឡាញ់ ដែលអាចនាំលោកអ្នកទៅរកភាំពសប្បាយរីករាយ ពេលអផ្សុក ឬសម្រាប់ប្រាស្រ័យជាមួយ ក្នុងជីវិតប្រចាំថ្ងៃក៏បានដែរ ពិសេសណាស់ គឺពួកគាត់មានលក្ខណៈរស់រវើក ហាក់ដូចជា សត្ធចិញ្ចឹមនៅគេហដ្ឋានលោកអ្នកអញ្ចឹងដែរ។ Robot ទាំងនេះ ស្គាល់នូវទុក្ខធុរៈ សួរនាំយើង ប្រាប់ និងបង្ហាញព័ត៌មាន ហាត់ប្រាណជាមួយយើង អានសារជាសម្លេង បង្ហាញរូបភាព អាចថតរូប និងវីដេអូឲ្យយើងបាន អាចបកប្រែជាច្រើនភាសា រំលឹកយើង សួរនាំអីទៅពួកគាត់ឆ្លើយមកវិញ ចេះគេង និងក្រោកពីគេងដោយខ្លួនគាត់ ចេះទៅរកកន្លែងសាកថ្មដែលជាផ្ទះរបស់ពួកគាត់…ជាដើម។ ពួកគាត់អាចនឹងឆ្លាតជាងទូរស័ព្ទទំនើបបច្ចុប្បន្នរបស់លោកអ្នកទៅទៀត ពិតជាចង់បានគាត់មួយមកលេងជាមួយណាស់! បច្ចុប្បន្នយើងឃើញមាន Robot ឈ្មោះដូចខាងក្រោមនេះ ដែលបានផលិត និងមានដាក់លក់តាមទីផ្សារ និង Online Sales ដូចជា៖
1. Alpha 2
មានរូបរាងជាកូនមនុស្សយន្ត ដែលមានកន្លែងភ្ជាប់ (សន្លាក់) ចំនួន ៩កន្លែង ដែលអាចឲ្យគាត់ធ្វើចលនាបានច្រើនបំផុត ដូចមនុស្សយើងអញ្ចឹង ហើយអាចនិយាយទៅវិញទៅមកជាមួយយើងបាន ព្រមជាមួយនឹងបច្ចេកវិទ្យាជាច្រើនទៀតដែលបានបំពាក់លើគាត់ផងដែរ។

2. Cozmo
មានមាឌតូចច្រឡឹងគួរឲ្យស្រឡាញ់ ចូលចិត្តលេង បង្ហាញជាអារម្មណ៍តាមរយៈរូបភាពភ្នែកក្នុងអេក្រង់មុខគាត់។ Cozmo បានដកស្រង់ចេញពីគំនិតក្នុងរឿង Wall-E ដែលលោកអ្នកបានទស្សនារួចមកហើយ។ គាត់ក៏មានសម្លេងបែបមនុស្សយន្ត និយាយ ឬព្រុសតាមសត្វសុនខ បានទៀតផង។

3. Jibo
មិនអាចចល័តបានដូច Alpha 2 និងCozmo ខាងលើបានទេ គាត់ឈរនៅទីតាំងណាដែលលោកអ្នកដាក់គាត់នៅ ប៉ុន្តែគាត់ហាក់ដូចជាជំនួយការដ៏ល្អរបស់អ្នកអញ្ចឹងដែរ…គាត់ដឹងសឹងតែគ្រប់រឿង គាត់រក្សាកិច្ចការងាររបស់យើងក្នុង Memory របស់គាត់ គាត់ស្គាល់យើងតាមរយៈការចាប់រូបភាពពីភ្នែក (កាម៉េរ៉ា) របស់គាត់ផ្ទាល់។ Jibo មានអេក្រង់មុខធំដេលអាចបង្ហាញទិន្នន័យបានច្រើនជាង Alpha 2 និងCozmo ព្រមទាំង Antbo និងVortex ខាងក្រោមនេះផងដែរ។

4. Antbo
រូបរាង Robot មួយប្រភេទនេះ បានផលិតឡើងតាមសត្វស្រមោច និងការធ្វើចលនាដើររបស់គាត់ក៏ដូចស្រមោចដែរ តែគាត់ឆ្លាត គាត់អាចលេងជាមួយយើងបាន។

5. Vortex
មើលមួយភ្លែតទៅ ដូចជាម៉ាស៊ីនសម្អាតធូលីខ្នាតតូចដែលដើរដោយស្វ័យប្រវត្តិក្នុងគេហដ្ឋាន បន្ទប់គេងយើងចឹង ប៉ុន្តែ Vortex មានខ្លួនធំជាង ហើយសង្ហារជាង ដោយបំពាក់នូវអេក្រង់តូចល្មមដែលអាចបញ្ចេញនូវរូបភ្នែកទាំង២របស់គាត់ទៅតាមអារម្មណ៍ដែលគាត់ទទួលបានពីបរិយាយកាស ក៏ដូចជាទទួលពីលោកអ្នកផងដែរ។






