“ខ្ញុំមានសេចក្តីសុខជារៀងរាល់ថ្ងៃ ព្រោះខ្ញុំមិនដែលចង់បានអ្វី មិនខ្វល់ពីមាសប្រាក់ តំណែង ពាក្យពេចន៍លើកតម្កើង ពានរង្វាន់ រឺ អំណាចកិត្តិយស។ របស់ដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខគឺការ ដែលបានធ្វើការងារ បានលេងវីយ៉ូឡុង ហើយនឹងការបើកបរទូកក្តោង”អាល់បឺត អាញស្តាញ។

ប្រវត្តិ របស់កំពូលអ្នកប្រាជ្ញ អាល់បឺត អាញស្តាញ (១៨៧៩-១៩៥៥)
ជារៀងរាល់ឆ្នាំ តែងមានមនុស្សអច្ឆរិយៈកើតឡើងសន្ធឹកសន្ធាប់។ ជារៀងរាល់ 100 ឆ្នាំម្តងទើបមានមហាអច្ឆរិយៈកើតឡើង តែសម្រាប់អភិមហាអច្ឆរិយៈត្រូវនាំគ្នារងចាំដល់រាប់ពាន់ឆ្នាំ។ ចាត់ទុកថាជាសំណាងល្អរបស់មនុស្សជាតិដែលកាលពី 500 ឆ្នាំកន្លងទៅនេះបានមានមនុស្សអណ្តាប់ថ្នាក់ អភិមហាអច្ឆរិយៈកើតឡើងដល់ទៅពីរនាក់ គឺ អៃសាក់ ញូវតុន (Sir Isacc Newton) ហើយនឹង អាល់ប៊ើរ៍ត អាញស្តាញ (Albert Einstein)។ អ្នកទីមួយកើតមកដើម្បីក្រឡាប់ពិភពលោក ចំណែកអ្នកទីពីរកើតមកដើម្បីក្រឡាប់ពិភពចក្រវាឡ។
ថ្ងៃទី 14 មិនា គ.ស. 1879 នៅក្រុងអ៊ូល៍ម (Ulm) ប្រទេសអាល្លឺម៉ង់ គឺជាថ្ងៃដែលពិភពលោកបាន ស្វាគមន៍បុគ្គលម្នាក់ដែលមេឃបញ្ជូនមកកើតដើម្បីឲ្យបើកមិតិទី 4 (The fourth Dimension) ទារកម្នាក់នោះត្រូវបានទិន្ននាមថា អាល់ប៊ើរ៍ត អាញស្តាញ។
ជីវិតកាលពីនៅវ័យក្មេង

កំពូលអ្នកប្រាជ្ញ អាល់បឺត អាញស្តាញ ជីវិតកាលពីនៅវ័យក្មេង
នៅពីក្មេង អាញស្តាញ ជាមនុស្សនិយាយយឺត។ ខណៈដែលក្មេងភាគ ច្រើនតែងនិយាយមុនគិត តែអាញស្តាញជាមនុស្សគិតមុននិយាយ បងស្រីរបស់គាត់បានប្រាប់ថា ខណៈពេលកំពុងជជែកគ្នា ជួនកាលគាត់ឈប់ធ្មឹងដើម្បីគិតជាយូររួចហើយទើបនិយាយតទៅទៀត ហើយបើមានរឿងអ្វីដែលគាត់ ចាប់អារម្មណ៍គាត់នឹងយកចិត្តទុកដាក់ក្នុងរឿងនោះយ៉ាងខ្លាំង ព្យាយាមស្វែងរកចម្លើយតបដោយ មិនព្រមបោះបង់ចោលឡើយ។
ការហ្វឹកហាត់គិតមុននិយាយ ធ្វើឲ្យអាញស្តាញមានពាក្យពេចន៍ជ្រាលជ្រៅ។ សំណួររបស់គាត់ កាលនៅពីក្មេងជាសំណួរដែលពិបាកឆ្លើយ ដូចជាសួរថា ហេតុអ្វីទ្រនិចត្រីវិស័យចង្អុលទៅទិសខាងជើង? ភាពងងឹតកើតឡើងបានយ៉ាងដូចម្តេច? ពេលភ្លើងរលត់ហើយ កម្តៅបាត់ទៅទីណា? ពន្លឺព្រះអាទិត្យធ្វើដោយអ្វី? បើយើងអាចរត់ទៅតាមពន្លឺរស្មីបានតើនឹងកើតអ្វីឡើង? សំនួរទាំងនេះជួន កាលធ្វើឲ្យគ្រូមិនយល់ហើយគិតថាគាត់មានបញ្ហាខួរក្បាល ព្រោះក្មេងទូទៅគេមិនដែលសួរអ្វីបែបនេះទេ។
សេចក្តីសង្ស័យពីវ័យក្មេងធ្វើឲ្យគាត់អាចគិតទ្រឹស្តីសម្ព័ន្ធភាព (Theory of Relativity) បាន។ ប្រយោគមួយគាត់បានសរសេរទុកថា “ក្មេងរាល់គ្នាមានសេចក្តីសង្ស័យក្នុងរឿងចម្ងាយផ្លូវ និង ថេរវេលា តែពេលធំឡើងពួកគេក៏ភ្លេចវាអស់ សំណាងល្អដែលសេចក្តីសង្ស័យរបស់ខ្ញុំវាស្ថិតនៅ ទើបខ្ញុំអាចយល់បញ្ហាបានជ្រាលជ្រៅជាងក្មេងដទៃទូទៅ”។
ចំនុចផ្លាស់ប្តូរដ៏សំខាន់ក្នុងជីវិតរបស់អាញស្តាញគឺដោយសារអ្នកសិក្សាពេទ្យម្នាក់ដែលមកទទួល ទានអាហារពេលល្ងាច នៅផ្ទះរបស់គាត់ជារៀងរាល់សប្តាហ៍។ (ក្រុមគ្រួសារជនជាតិជ្វិវមាន ទំនៀមថា ក្នុងមួយសប្តាហ៍ ត្រូវអញ្ជើញជនជាតិជ្វិវដែលមានចំណេះដឹង មកទទួលទានអាហារ ពេលល្ងាចនៅផ្ទះរបស់ខ្លួនមួយពេល។) អ្នកសិក្សាពេទ្យម្នាក់នេះបានឲ្យ អាញស្តាញ ខ្ចីសៀវភៅ គ្រប់ប្រភេទដែលត្រូវការ ក្រៅពីនេះថែមទាំងជួយស្រាវជ្រាវពីបណ្ណាល័យនិងតបសំនួរជ្រៅផ្នែក ខាងគណិតសាស្ត្រ ទស្សនវិជ្ជា វិទ្យាសាស្រ្តគ្រប់ពេលវេលា ជាមិត្តសម្លាញ់ផ្សេងវ័យដែលនិយាយ គ្នាត្រូវមាត់ត្រូវក បញ្ហាខ្លះត្រូវជជែកគ្នារាប់ម៉ោង។ ក្នុងថ្ងៃបែកគ្នា អ្នកសិក្សាពេទ្យម្នាក់នេះបានឲ្យ សៀវភៅតម្រារេខាគណិតដល់អាញស្តាញទុកជាទីរលឹក ដែលនៅពេលក្រោយមកអាញស្តាញ បានប្រាប់ថា សៀវភៅមួយក្បាលនេះបានប្តូរជីវិតរបស់គាត់ វាមានការគណនាដែលសរសេរជា រូបភាព ន័យសេចក្តីច្បាស់លាស់ ធ្វើឲ្យគាត់ចូលចិត្តជាខ្លាំងហួសបរិយាយ។
អាញស្តាញជាមនុស្សដែលស្គាល់ចំណុចខ្សោយរបស់ខ្លួនឯង។ ក្នុងសៀវភៅអត្តជីវប្រវត្តិ មាន អត្ថបទមួយដែលបានសរសេរទុកកាលគាត់អាយុ 16 ឆ្នាំថា… “ខ្ញុំមានក្តីសុបិនចង់ក្លាយជាគ្រូ បង្រៀនវិទ្យាសាស្រ្ត ជាពិសេសក្នុងផ្នែកទ្រឹស្តី ព្រោះខ្ញុំដឹងថាគ្មានសមត្ថភាពផ្នែកខាងបតិបត្តិ។” ដោយហេតុនេះឯងភាពជោគជ័យរបស់ អាញស្តាញ ទើបគ្មានវត្ថុប្រឌិតច្រើនដូចជា ថូម៉ាស់ អាល់វ៉ា អេឌិសាន់ (Thomas Alva Edison) តែទ្រឹស្តីដែលគាត់រកឃើញក៏មានគុណតម្លៃអនេក អនន្តចំពោះមនុស្សជាតិ ដល់ថ្នាក់អាចបដិវត្តិពិភពលោកចូលដល់រលកទី 3 បាន។
ហេតុផលមួយទៀតដែលធ្វើឲ្យអាញស្តាញជ្រើសរើសធ្វើជាអ្នកវិទ្យាសាស្រ្តក៏គឺ គាត់ឃើញថា ការសាងវត្ថុប្រឌិតខាងវិទ្យាសាស្ត្រដើម្បីតបស្នងកិលេសតណ្ហា មិនមែនជាមធ្យោបាយដែលនឹង ធ្វើឲ្យមនុស្សអាចទទួលបាននូវសេចក្តីសុខយ៉ាងពិតប្រាកដឡើយ។
កេរ្តិ៍ឈ្មោះ កិត្តិយស

ប្រវត្តិ របស់កំពូលអ្នកប្រាជ្ញ អាល់បឺត អាញស្តាញ
ក្នុងពេលដែលគេអញ្ជើញឲ្យគាត់ធ្វើជាប្រធានាធិបតីទី 2 នៃប្រទេស អ៊ីស្រាអ៊ែលក្នុងឆ្នាំ គ.ស.1952 អាញស្តាញជាមនុស្សសំខាន់ដែលជួយឲ្យប្រទេស អ៊ីស្រាអ៊ែល កើតឡើងបាន តែគាត់បានបដិសេធតំណែងដ៏អស្ចារ្យនោះ ព្រមទាំងឲ្យហេតុផលថា “នយោបាយជារឿងបណ្តោះអាសន្ន តែសមការគង់នៅនិរន្តរ៍” នោះជាពាក្យនិយាយលេងរបស់អាញស្តាញ តែការពិតក្នុង សំបុត្របដិសេធ គាត់សរសេរទុកថា “ ខ្ញុំមានសេចក្តីរំភើបចិត្តជាខ្លាំងចំពោះសម្នើរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែល តែក៏មានអារម្មណ៍ក្រៀមក្រំនិងខ្មាសអៀនដែលមិនអាចទទួលយកសម្នើនេះ បាន។ ជីវិតរបស់ខ្ញុំសុទ្ធតែទាក់ទងជាមួយនឹងរបស់ដែលជាវត្ថុ ទើបធ្វើឲ្យខ្ញុំខ្វះជំនាញក្នុងការគ្រប់ គ្រងមនុស្សម្នាហើយនឹងការចាត់ការភារកិច្ចដែលជាផ្លូវការ ដោយហេតុផលនេះ ខ្ញុំទើបមិន សក្តិសមនឹងតំណែងដ៏សំខាន់នេះ នៅមិនទាន់រាប់ទាំងអាយុក៏ច្រើនសុខភាពក៏កា់ត់បន្ថយកម្លាំង ពលំរបស់ខ្ញុំ”។ ក្នុងពេលនោះ អាញស្តាញ មានអាយុ 71 ឆ្នាំហើយ។ ជនជាតិអ៊ីស្រាអ៊ែលខូចចិត្ត ជាខ្លាំង ហើយប្រាប់ថាមានតែគាត់ប៉ុណ្ណោះដែលសក្តិសមបំផុតសម្រាប់តំណែងនេះ តែនឹងធ្វើដូចម្តេចបាន បើគាត់មិនព្រមទទួល។
មិនប្រាកដទេ បើអាញស្តាញទទួលធ្វើជាប្រធានាធិបតីរបស់ប្រទេសអ៊ីស្រាអ៊ែល គាត់អាចនឹង ក្រាលគ្រឹះប្រទេសនេះរហូតធ្វើឲ្យទំនាស់នៅមជ្ឈឹមបូព៌ាមិនកើតមានឡើងក៏ថាបាន។ គ្រាមួយ គាត់ធ្លាប់ប្រឹក្សាជាមួយនឹង ស៊ិកម៉ាន់ដ៍ ហ្រ៉្វយដ៍ (Sigmund Freud) ឲ្យជួយវិភាគចិត្តមនុស្សថា ហេតុអីចូលចិត្តកសង្រ្គាម ហើយនឹងប្រឹក្សាជាមួយ មហាត្មៈ គន្ធី ក្នុងការបញ្ឈប់សង្គ្រាមលើលោក នេះ។ អាញស្តាញ ជាមនុស្សដែលស្អប់ខ្ពើមសង្គ្រាមជាខ្លាំង ហើយគាត់គឺជាមនុស្សម្នាក់ដែល ជួយធ្វើឲ្យកើតអង្ការសន្និបាតជាតិ ដែលក្រោយមកអភិវឌ្ឍទៅជាអង្ការសហប្រជាជាតិ ដើម្បីការ ពារពិភពលោកមិនឲ្យកើតសង្គ្រាម។
មិនត្រឹមតែនយោបាយប៉ុណ្ណោះទេ សូម្បីរោងល្ខោននៅទីក្រុងឡុងដ៍ក៏ធ្លាប់ស្នើប្រាក់មួយដុំធំ គ្រាន់តែសុំឲ្យគាត់ឡើងទៅឈរលើវេទិកាមួយស្របក់ដើម្បីឃោសនា តែក៏ត្រូវបានបដិសេធ។ វង់ការហូលីវូតព្យាយាមទាក់ទងឲ្យគាត់រួមសម្តែងភាពយន្ត ដោយស្នើតម្លៃខ្លួនឲ្យគាត់ជាចំនួនទឹក ប្រាក់មហាសាលតែក៏បានទទួលចម្លើយតបថា “មនុស្សយើងនាំគ្នាឈ្លក់វង្វេងនឹងតារាត្រឹមរម្លង រាត្រី ថ្ងៃស្អែកនេះក៏ភ្លេចអស់ទៅហើយ។” ទោះបីជាគាត់មិនចូលចិត្តវង់ការមាយាក្តី តែទ្រឹស្តី របស់គាត់ក៏ត្រូវបាននាំយកមកសាងភាពយន្តមិនតិចជាងមួយរយរឿង ហើយស្ទើរតែគ្រប់រឿង សាងចំណូលមហាសាល រួមទាំងរឿងចុងក្រោយដែលសាងចំណូលលេខ 1 លើលោកកាលពីឆ្នាំ 2009 គឺរឿង អវតារ (Avatar)។
នៅសម័យនោះ មានក្រុមគ្រួសារជាច្រើនបាននាំយករូបរបស់គាត់ទៅបិទទុកនៅលើជញ្ជាំងផ្ទះ រដ្ឋាភិបាលអ៊ីស្រាអ៊ែលនាំយករូបរបស់គាត់បោះពុម្ពលើធនប័ត្រ អ្នកខ្លះនាំយកទៅបណ្តោងខ្សែក រហូតអាញស្តាញមានអារម្មណ៍មិនសប្បាយចិត្ត ហើយរំសាយអារម្មណ៍ចេញមកជាបទឃ្លោង ដូច្នេះថា “មានមនុស្សស្រឡាញ់គឺល្អអស្ចារ្យ ទៅណាមកណាមានគេរាក់ទាក់ តែខ្ញុំកង្ខាចិត្តមិនជឿជាក់ ថាខ្ញុំរឺអ្នកគិតឆ្កួតខ្លួនឯង។” ក្នុងយុគនោះមិនថាគាត់ធ្វើអ្វីក៏ជាពត៌មានទាំងអស់។ មានពេលមួយនោះ គាត់ធុញទ្រាន់ចំពោះអ្នកយកពត៌មានដែលតាមថតរូបទើបលានអណ្តាតដាក់ អ្នកថតរូប តែការលានអណ្តាតរបស់គាត់ត្រឡប់ក្លាយទៅជារូបបែបទំនៀមទម្លាប់មួយរបស់ជនជាតិអាមេរិក នៅយុគតែម្តង នរណាមានអារម្មណ៍ធុញទ្រាន់ រឺត្រូវការឲ្យដឹងថាជាមនុស្សចូលចិត្តលេងបែបសប្បាយៗ ក៏តែងលានអណ្តាត។
សម្តីរឺមតិយោបល់ផ្សេងៗ របស់អាញស្តាញមានឥទ្ធិពលចំពោះមនុស្សលោកជាខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ។ ប្រយោគអមតៈជាច្រើនតែងត្រូវបាននាំយកមកអាងជាប្រចាំ។
ពេលគាត់ធ្វើដំនើរទៅទីកន្លែងណាតែងមានមនុស្សម្នាចាំទទួលស្វាគមន៍យ៉ាងគគ្រឹកគគ្រេង។ ថ្ងៃ ដំបូងដែលគាត់ទៅសហរដ្ឋ កំពង់ផែញូវញ៉កស្ទើរតែភ្លូកដោយសារហ្វូងមហាជន។ ប្រទេសជប៉ុន ប្រកាសឲ្យថ្ងៃដែលគាត់ទៅធ្វើទស្សនកិច្ចជាថ្ងៃឈប់សម្រាកប្រចាំជាតិ។ ពេលទៅកាន់ប្រទេស ណា ព្រះមហាក្សត្ររឺមេដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសនោះតែងមកចាំទទួលស្វាគមន៍។ គាត់ជាព្រះសហាយជិតស្និទ្ធរបស់ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញនិងបេលយៀម (Belgium)។
សកលវិទ្យាល័យទូទាំងពិភពលោកព្យាយាមស្នើតំណែងឲ្យគាត់ ព្រមជាមួយផលកម្រៃដ៏ច្រើនគ្មានកំណត់ តែគាត់ជ្រើសរើសយកសកលវិទ្យាល័យ ព្រិនស្តុន (Princeton University) ដែលសកលវិទ្យាល័យ (college town) តូចមួយ ហើយរស់នៅទីនោះរហូតអស់មួយជីវិត។

ប្រវត្តិ របស់កំពូលអ្នកប្រាជ្ញ អាល់បឺត អាញស្តាញ
អាញស្តាញ ជាមនុស្សមិនឈ្លក់វង្វេងជាមួយនឹងពាក្យ សរសើរបញ្ជោះបញ្ជោរ កេរ្តិ៍ឈ្មោះ កិត្តិយស ហើយមិនខ្វល់នឹងទ្រព្យសម្បត្តិមាសប្រាក់ គ្មានកើតទុក្ខក្តៅក្រហាយអ្វី ក្នុងកាលដែលទ្រព្យសម្បត្តិនៅឯប្រទេសអាល្លឺម៉ង់ត្រូវពួក ណាស៊ី រឹបអូសយកអស់។ ថ្ងៃដែលប្តូរទៅទទួលតំណែងសាស្ត្រាចារ្យនៅសហរដ្ឋអាមេរិក ចំនួនប្រាក់ខែដែលគាត់សរសេរស្នើនៅក្នុងសំណុំរឿងតិចជាងប្រាក់ខែរបស់អ្នកយាមសាលានៅទីនោះទៅទៀត។ ក្នុងពេលដែលគាត់បានទទួលរង្វាន់ណូបែល គាត់មិនបានទៅទទួលដោយខ្លួនឯង ហើយថែមទាំងប្រគល់ប្រាក់រង្វាន់ទាំងអស់ឲ្យទៅ មិលេវ៉ា ជាភរិយាដំបូងដែលបានលែងលះគ្នាទៅហើយ។ ក្រៅពីនេះគាត់ថែមទាំងបានទទួលសញ្ញាប័ត្រកិត្តិយស (Honorary Degree) ក្នុងសាខា ផ្សេងៗ ពីសកលវិទ្យាល័យល្បីឈ្មោះទូទាំងពិភពលោករាប់មិនអស់ រហូតក្រោយមកគាត់បានប្រកាសប្រាប់ថាសុំឈប់ទទួលយកទៀតហើយ។ នរណាដែលកាន់សៀវភៅរបស់អាញស្តាញដើរទៅមកនឹងទទួលបាន នូវការពិតពិលរមិលមើលយ៉ាងស្ងើចសរសើរ បើទោះបីជាអានមិនដឹងរឿងក៏ដោយ។
គាត់ធ្លាប់សរសេរទុកថា… “ដែលខ្ញុំមានសេចក្តីសុខជារៀងរាល់ថ្ងៃនេះ ព្រោះខ្ញុំមិនដែលចង់បានអ្វី មិនខ្វល់ពីមាសប្រាក់ តំណែង ពាក្យពេចន៍លើកតម្កើង ពានរង្វាន់ រឺ អំណាចកិត្តិយស។ របស់ដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខគឺការ ដែលបានធ្វើការងារ បានលេងវីយ៉ូឡុង ហើយនឹងការបើកបរទូកក្តោង”
បើអាញស្តាញត្រូវការស្វែងរកទ្រព្យសម្បត្តិមាសប្រាក់ម្ល៉េះគាត់ក្លាយជាអភិមហាសេដ្ឋីទៅហើយ មានគ្រាមួយគាត់ត្រូវការរកទុនសម្រាប់ប្រឆាំងណាស៊ី ទើបនាំយកច្បាប់ដើមទ្រឹស្តីសម្ព័ន្ធភាព ដែលសរសេរដោយដៃយកមកដាក់ដេញថ្លៃ លទ្ធផលគឺគាត់បានប្រាក់ដល់ទៅ 6,000,000 ដុល្លា ក្រៅពីនោះ ក្នុងមួយឆ្នាំៗ នៅមានមនុស្សនិរនាមផ្ទេរប្រាក់បរិច្ចាគឲ្យគាត់ជាច្រើនសន្ធឹកសន្ធាប់ ថែមទៀត។
អាដហ្វ អ៊ីទ្លែ (Adolf Hitler) បានដាក់ថ្លៃក្បាលរបស់គាត់ជាទឹកប្រាក់ចំនួនមហាសាលក្នុងការ តាមសម្លាប់គាត់ រហូតអាញស្តាញពោលថា “ខ្ញុំមិនដែលដឹងខ្លួនពីមុនមកឡើយថាខ្លួនឯងមានតម្លៃ សន្ធឹកសន្ធាប់ដល់ថ្នាក់នេះ” ភ្នាក់ងារសម្ងាត់របស់អាល្លឺម៉ង់អាចសម្លាប់គាត់បានភ្លាមក្នុងពេលណាដែលមានឳកាស។ អេលសា ភរិយារបស់គាត់ព្យាយាមប្រាប់ឲ្យគាត់ឈប់និយាយប្រឆាំងនឹងពួក ណាស៊ី តែគាត់បដិសេធដោយប្រាប់ថា “បើខ្ញុំបិទមាត់ស្ងៀម ខ្ញុំក៏មិនមែនអាញស្តាញ។” គាត់ធ្លាប់ និយាយទៀតថា “ការខ្លាចស្លាប់ ជាសេចក្តីខ្លាចដែលឥតប្រយោជន៍បំផុតក្នុងបណ្តាសេចក្តីខ្លាច ទាំងពួង។”
ប្រាំឆ្នាំមុននឹងបាត់បង់ជីវិត អាញស្តាញបានធ្វើមត៌កសាសន៍ប្រគល់កម្មសិទ្ធិស្នាដៃរបស់គាត់ទាំង អស់ឲ្យដល់សកលវិទ្យាល័យមួយកន្លែង ដែលចាត់ទុកថាជាមត៌កដែលមិនអាចកាត់ថ្លៃបាន ឡើយ គួរឲ្យស្តាយដែលស្នាដៃចាស់ៗ កាលគាត់បានសរសេរនៅអាល្លឺម៉ង់ត្រូវពួកណាស៊ីរឹបអូស យកទៅដុតចោលអស់។ អ៊ីទ្លែ ប្រមូលអ្នកចេះអ្នកដឹងខ្ពង់ខ្ពស់បំផុតរបស់អាល្លឺម៉ង់បានប្រហែល មួយរយនាក់យកមកមួលបង្កាច់ទ្រឹស្តីរបស់ អាញស្តាញ ថាឥតប្រយោជន៍(ដែលត្រឡប់ជា សំណាងល្អរបស់មនុស្សជាតិ)។ អាញស្តាញ តបទៅវិញដោយអត្ថបទថា ហេតុអ្វីចាំបាច់ប្រមូល មនុស្សមកដល់ទៅមួយរយនាក់ បើអាចពិសោធន៍បានថាខ្ញុំខុសតែមួយនាក់ក៏គ្រប់គ្រាន់ណាស់ទៅហើយ។
លោភៈជាកិលេសថ្នាក់ខ្ពស់ រងពីមានៈ (សេចក្តីប្រកាន់ខ្លួន) អ្នកបតិបត្តិធម៌ភាគច្រើនមិនអាច ឡើងហួសពី សោតាប័ន ទៅបានព្រោះកាត់លោភៈមិនដាច់ ហើយបើនឹងបន្លុះដល់ថ្នាក់អនាគាមី និង អរហន្ត ត្រូវកាត់មានៈឲ្យដាច់គ្មានសេសសល់ បើទោះបីជាអាញស្តាញមិនមែនជាពុទ្ធសា សនិកជន តែគាត់ក៏មានលោភៈហើយនឹងមានៈហាក់តិចតួចស្តួចស្តើងណាស់។
ជីវិតរបស់អាញស្តាញហាក់សាមញ្ញ មិនចូលចិត្តតែងខ្លួន មិនសិតសក់ (មានអ្នកពោលថាម៉ូតសក់ របស់គាត់ដូចត្រូវអគ្គិសនីឆក់) មិនពាក់ស្រោមជើង ហើយនឹងស្លៀកពាក់សម្លៀកបំពាក់ឈុតចាស់ៗ។ មានថ្ងៃមួយ គណៈរដ្ឋមន្ត្រីរបស់ប្រទេសអាល្លឺម៉ង់នឹងមកលេងនៅឯផ្ទះ អែលសា ភរិយារបស់គាត់ទ្រាំមិនបាន អង្វរករឲ្យគាត់ស្លៀកពាក់ស្អាតបាតហើយនឹងពាក់ស្រោមជើងផង ដើម្បីទទួលស្វាគមន៍ភ្ញៀវកិត្តិយស អាញស្តាញ ធ្វើកិរិយាត្រិះរិះរួចហើយតបថា “អេ!ខ្ញុំយល់ច្រឡំ គិតថាពួកគេនឹងមករកខ្ញុំ តាមពិតមកមើលសម្លៀកបំពាក់ខ្ញុំទេ បើដូច្នោះពេលពួកគេមកដល់ក៏នាំ ទៅកាន់បន្ទប់សម្លៀកបំពាក់ខ្ញុំទៅ ទីនោះមានឈុតល្អៗ ជាច្រើនឈុតឯណោះ”។
គ្រាមួយខណៈពេលដែលអាញស្តាញចូលទៅណែនាំខ្លួនដើម្បីទទួលតំណែងសាស្ត្រាចារ្យសកល វិទ្យាល័យ នៅថ្ងៃដំបូងអ្នកយាមសាលានាំគាត់ទៅជួសជុលអំពូលភ្លើង ដោយគិតថាគាត់ជាជាងដែលសកលវិទ្យាល័យហៅមក ហើយគាត់ក៏បានជួសជុលរហូតរួចរាល់ទៀតផង។
មានមនុស្សធ្លាប់សួរដោយសេចក្តីសង្ស័យថា ហេតុអ្វីបានចូលចិត្តតែងខ្លួនដូច្នេះ គាត់តបថា “ជា រឿងគួរឲ្យក្រៀមក្រំ ប្រសិនបើក្រដាសខ្ចប់សាច់មើលទៅល្អជាងសាច់ដែលលាក់នៅខាងក្នុង”។
ជីវិតជាមួយសង្គម
ក្រៅពីស្នាដៃខាងវិទ្យាសាស្ត្រហើយនោះ ស្នាដៃក្នុងផ្នែកសង្គមក៏លេចធ្លោមិនតិចទេ បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្នក៏ត្រូវអគុណគាត់ទៀតផង ព្រោះនៅគ្រាមួយ អាញស្តាញ ធ្លាប់ជាកម្លាំងសំខាន់ក្នុងការជួយជម្រុញឲ្យសិទ្ធិប្រជាពលរដ្ឋស្បែកខ្មៅមានភាពស្មើ គ្នាជាមួយនឹងប្រជាពលរដ្ឋស្បែកស រហូតត្រូវបានប្រឆាំងយ៉ាងក្តៅគគុកពីសំណាក់ជនជាតិ អាមេរិកាំងមួយចំនួន។ អត្ថបទរបស់គាត់បោះពុម្ពក្នុងសៀវភៅ Out of My Later Yeares មានវគ្គ មួយពោលថា “…នៅសហរដ្ឋអាមេរិកទាំងអស់គ្នាជឿជាក់ថាខ្លួនឯងមានគុណតម្លៃ ការមានអគតិ ចំពោះមនុស្សស្បែកខ្មៅជារឿងមិនសមគួរហើយនឹងអន្តរាយ ពួកយើងត្រូវយកចិត្តទុកដាក់មិន ឲ្យក្មេងៗ បានទទួលឥទ្ធិពលពីភាពអគតិរឿងពណ៌សម្បុរនេះ”។
ការកែបញ្ហា អាញស្តាញ សម្លឹងទៅកាន់យុវជនជំនាន់ក្រោយ ព្រោះមនុស្សចាស់ពិបាកនឹងកែខៃ ហើយក៏ជាការពិត ក្រោយពីអស់មនុស្សយុគរបស់គាត់សហរដ្ឋនៅយុគក្រោយនេះមានការបែង ចែកពណ៌សម្បុរតិចចុះ។ អាញស្តាញ បានជួយក្រាលគ្រឹះឲ្យប្រទេសសហរដ្ឋអាមេរិកទាំងផ្នែក អាវុធ នយោបាយ ហើយនឹងសង្គម។ បច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានអ៊ីស្រាអ៊ែលជាអ្នករក្សា តុល្យភាពខាងអំណាចនៅមជ្ឈឹមបូព៌ា មានអាវុធដែលមានអានុភាពព្រោះផលិតឡើងតាមទ្រឹស្តី របស់អាញស្តាញ ដូចគ្នានឹងកាលគ្រាមួយប្រទេសអាល្លឺម៉ង់ធ្លាប់បានជាអភិមហាអំណាចផ្នែក ខាងទាហានព្រោះអាវុធដែលផលិតឡើងតាមទ្រឹស្តីរបស់ញូវតុន ហើយត្រឡប់ទៅយុគបូរាណ ក្រិចរក្សាភាពជាមហាអំណាចបានយ៉ាងយូរព្រោះប្រើអាវុធតាមទ្រឹស្តីរបស់អារ៍គិមីដេស។
អាញស្តាញមានមិត្តសម្លាញ់ជាច្រើនសន្ធឹកសន្ធាប់នៅគ្រប់សាខាអាជីព ដូចជាមហាត្មៈ គន្ធី, ច្វាហារ៍ឡាល នេហ៍រូ (Jawaharlal Nehru), រៈពិន្ទរនាថ ឋាកូ (Rabindranath Tahore), ម៉ារិលីន ម៉នរ៉ូ (Marilyn Monroe), ស៊ិកម៉ាន់ដ៍ ហ្រ្វយដ៍, ប៊ើរ៍ថ្រែនដ៍ រ័សសេល(Bertrand Arthur William Russell), ឆាលី ឆែព្លិន(Charlie Chaplin), ហ្វ្រែងគ្លិន រ៉ូសវេលត៍(Franklin Delano Roosevelt)។ល។ ចំណែកមេដឹកនាំផ្នែកខាងវិទ្យាសាស្ត្រជាមិត្តសម្លាញ់របស់គាត់គ្រប់គ្នា។
នៅចុងក្រោយនៃជីវិត អាញស្តាញ បានប្រឹងប្រែងព្យាយាមអភិវឌ្ឍទ្រឹស្តីកម្លាំងទំនាញឯកភាព (Theory of gravitation) ព្រោះបើធ្វើបានសម្រេច មនុស្សនឹងអាចយល់អាថកំបាំងរបស់កម្លាំងគ្រប់ប្រភេទក្នុងចក្រវាឡ។ គាត់ប្រឹងប្រែងរិះគិតគណនារហូតសុខភាពទ្រុឌទ្រោម កើតរោគថ្លើម រោគក្រពះ រោគបេះដូង រោគពោះវៀន។ល។ ត្រូវចូលពេទ្យជាច្រើនលើកច្រើនគ្រា ព្រោះគាត់គិត ថាពិភពលោកមានគុណបំណាច់ចំពោះគាត់ច្រើនណាស់ ហើយទ្រឹស្តីនេះគឺជាអំណោយចុងក្រោយដែលគាត់ទុកឲ្យពិភពលោក។ គាត់ធ្លាប់សរសេរទុកថា “កំឡុងពេលនៃជីវិតដ៏យូរអង្វែង របស់ខ្ញុំៗ បានទទួលរឿងរ៉ាវល្អៗ ពីមិត្តភក្តិរួមពិភពលោកច្រើនសន្ធឹកសន្ធាប់ហួសពីអ្វីដែលខ្ញុំសមគួរនឹងទទួលបាន។ ខ្ញុំសារភាពថា ខ្ញុំមានអារម្មណ៍ខ្មាសអៀនណាស់….ខ្ញុំទន្ទឹងដាស់តឿនខ្លួនឯងជានិច្ចថា ភាពជោគជ័យរបស់ខ្ញុំមានឫសគល់ចេញមកពីតំញក់ញើសនៃគ្រប់ជីវិត ទាំងដែល នៅរស់រានមានជីវិតនិងដែលលាចាកលោកនេះទៅហើយ”។
ជីវិតរបស់អាញស្តាញបន្ទាប់ពីអែលសា ភរិយាទីពីរបានអស់អាយុសង្ខារទៅហាក់ដូចជាកណ្តោច កណ្តែង គាត់បដិសេធការចូលរួមពិធីជប់លៀងទាំងអស់។ អែលសា គឺជាអ្នកដែលចូលមករក្សា មុខរបួសក្នុងបេះដូងរបស់គាត់ (ក្រោយពីលែងលះជាមួយមិលេវ៉ា អាញស្តាញ មានអាការសោក សៅ គាត់បន្ទោសថាជាកំហុសរបស់គាត់ហើយធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃជិតដប់ឆ្នាំ) អែលសា ជាញាតិសាច់ឆ្ងាយមកជួយមើលថែទាំគ្រប់ពេលវេលា ហើយនៅទីបំផុតទាំងពីរនាក់ក៏សម្រេចចិត្តរួមរស់នៅជាមួយគ្នា។ អែលសា មានអាយុច្រើនជាងអាញស្តាញ 5 ឆ្នាំ ធ្លាប់រៀបការហើយ ព្រមទាំងមានកូន ជាប់មកជាមួយពីរនាក់ថែមទៀត ដែលអាញស្តាញជួយមើលថែទាំបានយ៉ាងល្អ។ ឆ្នាំចុងក្រោយមុននឹង អែលសាអស់ជីវិត អាញស្តាញអង្គុយយាមដេកយាមភរិយាទាំងថ្ងៃទាំងយប់ពេញមួយឆ្នាំនោះ មិនព្រមទៅណាឡើយ បន្ទាប់ពីអែលសាលាចាកលោកនេះទៅហើយគាត់នាំយករូបថតភរិយា របស់គាត់មកដាក់រៀងជុំវិញខ្លួនដោយប្រាប់ថា “រូបថតមិនចេះចាស់ នេះជាហេតុផលដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថារូបថតជាវត្ថុដែលមានមេត្តាករុណាបង្កប់នៅ”។

ប្រវត្តិ របស់កំពូលអ្នកប្រាជ្ញ អាល់បឺត អាញស្តាញ
បើទោះបីជាគាត់បានទទួលជោគជ័យ ក្នុងផ្នែកការងារយ៉ាងត្រចះត្រចង់ តែផ្នែកក្រុមគ្រួសារវិញ ហាក់បរាជ័យ។ ក្នុងគ្រាដែលគាត់លែងលះជាមួយភរិយាដំបូងមានមនុស្សក្លែងបញ្ជោះបន្សោកថា គាត់ជាម្ចាស់ទ្រឹស្តីសម្ព័ន្ធភាពដ៏អស្ចារ្យ តែមិនយល់ទ្រឹស្តីសម្ព័ន្ធភាព។ យ៉ាងណាក៏ដោយ មនុស្សទាំងឡាយដឹងច្បាស់ថាទោះបីគាត់មិនមែនជាឳពុកដ៏ល្អបំផុត មិនមែនជាស្វាមីដ៏ល្អបំផុត តែក៏ជាមនុស្សដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ អាញស្តាញធ្លាប់ប្រាប់ថា ពេលខ្លះចាំបាច់ត្រូវសម្រេចចិត្តជ្រើសរើស រវាងការប្រឹងប្រែងស្វែងរកសច្ចភាពនៃចក្រវាឡជាមួយសេចក្តីសុខក្នុងគ្រួសារ ហើយគាត់ជ្រើសរើសយកខដំបូង។ មិលេវ៉ាអតីតភរិយាពោលថា ពេលនៅផ្ទះជា មួយគ្នា ជួនកាលគាត់មិនបានឮសម្លេងនាងនិយាយឡើយ រឿងនេះអាចជាការពិត ព្រោះមានគ្រា មួយនោះខណៈដែលអាញស្តាញកំពុងមានសមាធិជាមួយការដកពិសោធន៍ មានសម្លេងផ្ទុះឡើង នៅខាងក្រៅយ៉ាងខ្លាំងក្លាតែអាញស្តាញ ប្រាប់ថាមិនបានឮសម្លេងនោះឡើយ ដល់ថ្នាក់សម្លេង ផ្ទុះមិនបានឮផងគង់មិនបាច់និយាយអីត្រឹមសម្លេងរបស់ភរិយា។
ក្នុងផ្លូវព្រះពុទ្ធសាសនា ខណៈយោគីបតិបត្តិកំពុងស្ថិតនៅក្នុងចតុត្ថឈាន សព្វសម្លេងដែលជុំវិញខ្លួននឹងរលត់អស់ទៅ បានន័យថា អាញស្តាញ អាចចូលឈាននេះបានដោយមិនបាច់បតិបត្តិកម្មដ្ឋាន។
អាញស្តាញ មានសមត្ថភាពខាងផ្នែកតន្ត្រីមិនចាញ់អ្នកមានថ្វីដៃអាជីពឡើយ ជាពិសេសវីយ៉ូឡុង ហើយនឹងព្យ៉ាណូ ធ្លាប់សម្តែងខនស៊ើរ៍តរកទុនដើម្បីជួយពួកជ្វិវ ហើយពេលធ្វើដំនើរទៅទីណា តែងនាំវីយ៉ូឡុងគូកាយទៅជាមួយជានិច្ច។ គាត់ធ្លាប់ពោលថា “បើខ្ញុំមិនបានក្លាយជាអ្នករូបវិទ្យា ម្ល៉េះខ្ញុំក្លាយជាអ្នកតន្រ្តីទៅហើយ របស់ដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខបំផុតគឺវីយ៉ូឡុង”។ តន្ត្រីធ្វើឲ្យ គាត់ជាមនុស្សមានមន្តស្នេហ៍។ គ្រាមួយអាញស្តាញត្រូវទៅអាស្រ័យនៅជាមួយក្រុមគ្រួសាររបស់ លោកគ្រូដើម្បីរៀនអក្សរ គាត់លេងវីយ៉ូឡុងឲ្យក្រុមគ្រួសារនោះស្តាប់ជាប្រចាំ លោកគ្រូស្រលាញ់ គាត់ដូចកូនបង្កើត ហើយត្រូវការលើកកូនស្រីឲ្យរៀបការជាមួយតែគាត់បដិសេធ។
សៀវភៅដឹថប់សេខ្រឹតប្រាប់ថា អ្នកមានភាពជោគជ័យលើសប្រក្រតីត្រូវមានការងារពិសេសអ្វី ម្យ៉ាងជានិច្ចដើម្បីកាត់បន្ថយសម្ពាធពីការងារប្រចាំ ដូចគ្នានឹងវែរ៍នើរ៍ ហៃសេនប៊ើរ៍ក (Werner Heisenberg) រូបវិទូរង្វាន់ណូបែលជនជាតិអាល្លឺម៉ង់ អ្នកក្រាលគ្រឹះយន្តសាស្រ្តខ្វនត័មហើយនឹងអធិប្បាយព្រឹត្តិកម្មរបស់អេឡិចត្រុង។ អ្នកឆ្កឹះកកាយទ្រឹស្តីខ្វនត័ម(Quantum Theory)។ អ្នកវិទ្យាសាស្ត្រអណ្តាប់មហា អច្ឆរិយៈម្នាក់ទៀតដែលចាប់អារម្មណ៍ទស្សនវិជ្ជាក្នុងសាសនាលោកបូព៌ា ក៏មានការងារពិសេស គឺការឡើងភ្នំ។ ចំណែកនីលស៍ បូរ៍(Niels Bohr,ជនជាតិដាណឺម៉ាក ម្ចាស់បែបចម្លងរចនាសម្ព័ន្ធអាតូមដែលមានកេរ្តិ៍ឈ្មោះបំផុត ជាមេឃ្លោងក្នុងការសាងគ្រាប់បែកនុយក្លេអ៊ែរ) ចូលចិត្តលេងកីឡា។ ក្នុងសៀវភៅផ្លូវកាត់ទៅកាន់អច្ឆរិយៈណែនាំថា ឳពុក ម្តាយគួរបណ្តុះបណ្តាលសេចក្តីស្រឡាញ់តន្ត្រី សិល្បៈ រឺកីឡាអ្វីម្យ៉ាងដើម្បីជាដើមទុនជីវិតឲ្យដល់ កូនចៅ ព្រោះទាំងបីប្រការនេះនឹងធ្វើឲ្យពួកគេមានសមាធិលើសធម្មតា នឹងធ្វើការអ្វីក៏ជោគជ័យ ដូចជា អាញស្តាញ ដែលត្រូវមាតាបង្គាប់ឲ្យលេងវីយ៉ូឡុងតាំងពីក្មេងដែលគាត់មិនចូលចិត្តសោះ ឡើយ តែក្រោយពេលគាត់បានស្តាប់ភ្លេងរបស់ម៉ូសាត(Wolfgang Amadeus Mozart, កំពូលអ្នក តន្ត្រីខ្លាស៊ិក ជនជាតិអូទ្រីសដែលសម្តែងឲ្យឃើញអច្ឆរិយភាពតាំងពីអាយុ 3 ខួប ជាម្ចាស់បទ និពន្ធភ្លេងដែលមានឈ្មោះល្បីរន្ទឺពិភពលោកជាង 700 ភ្លេង) គាត់ក៏ចាប់ផ្តើមឈ្លក់វង្វេងក្នុងការស្រលាញ់តន្ត្រីដកខ្លួនលែងរួច។
ជីវិតជាមូយនឹងស្នាដៃ

ប្រវត្តិ របស់កំពូលអ្នកប្រាជ្ញ អាល់បឺត អាញស្តាញ
សម្រាប់ខាងផ្នែកវិទ្យាសាស្រ្ត អាញស្តាញ ជាអ្នកធ្វើឲ្យពិភពលោកស្គាល់ម៉ូលេគុលរបស់ទឹក ហើយនឹងអាចរកឃើញទំហំ់ ម៉ូលេគុល ជាលើកដំបូង ធ្វើឲ្យពិភពលោកដឹងថាពន្លឺមានគុណ សម្បត្តិជាចុណ្ណភាគ ដឹងថានៅក្នុងម៉ាស់មានថាមពលមហាសាលនៅបង្កប់ ដឹងថាពន្លឺកោងបាន ថេរវេលានិងចម្ងាយផ្លូវអាចរួញរឺយឺតបាន អវកាសពត់ពែនបាន ស្គាល់អន្លង់ងងឹត(Black hole) ទំនាញ ។ល។ ទ្រឹស្តីរបស់គាត់ជាគ្រឹះដ៏សំខាន់នៃតិចណូឡូយីជាច្រើនប្រភេទ ដូចជា ថ្មពិលថាមពលពន្លឺព្រះអាទិត្យ អប្រិយថតរូប ប្រព័ន្ធ GPS ប្រព័ន្ធអគ្គិសនីអូតូម៉ាទិច ឧបករណ៍ ត្រួតពិនិត្យខ្យល់ដកដង្ហើម បារ៍កូតកុំព្យូទ័រ ឌីវីឌី ទូរទស្សន៍ កែវឆ្លុះមេក្រូទស្សន៍អេឡិចត្រុង ទូរស័ព្ទដៃ ឧបករណ៍ហ្វូតូកូពី សរសៃកែវនាំពន្លឺ កាំរស្មីលេស៊ើរ៍ ថាមពលនុយក្លេអ៊ែរ វិទ្យុសកម្ម ។ល។ ចំណែកក្នុងរឿងចក្រវាឡធ្វើឲ្យយើងដឹងថាតារានិករបញ្ចេញពន្លឺបានដូចម្តេច ចក្រវាឡ មានរូបរាង្គដូចម្តេច កើតមកពីណា ហើយនឹងសាបសូន្យទៅដូចម្តេច។ តែគួរឲ្យស្តាយដែលគាត់គិតទ្រឹស្តីកម្លាំងទំនាញឯកភាពមិនបានជោគជ័យ កុំអីយើងអាចបានឃើញឧបករណ៍បញ្ឈប់ពេលវេលា ឧបករណ៍បង្រួញចម្ងាយផ្លូវ ដាវលេស៊ើរ៍ រឺរថយន្តហោះដូចក្នុងរឿងភាពយន្តក៏ថាបាន។ល។
ដោយតិចណូឡូយីរបស់អាញស្តាញ អាចនឹងធ្វើឲ្យបណ្ណល័យក្នុងអនាគតកាលគ្មានសៀវភៅក៏ថាបាន ព្រោះយើងអាចអង្គុយនៅក្នុងបន្ទប់តូចមួយ តែអាចចូលទៅដល់សៀវភៅទាំងអស់ក្នុងពិភពលោកបានត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះ។
រឿងដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកមានការចំឡែកចិត្តក៏គឺ បន្ទាប់ពីទាំងអស់គ្នា យល់ទ្រឹស្តីសម្ព័ន្ធភាពហើយថាវាអស្ចារ្យប៉ុណ្ណា ហេតុអ្វីទើបមិនពិចារណារង្វាន់ណូបែលសាខា រូបវិទ្យាឲ្យអាញស្តាញម្តងទៀតជាលើកទីពីរ ដើមឡើយគណៈកម្មការពិចារណារង្វាន់ណូបែល មិនឲ្យអាញស្តាញទទួលរង្វាន់ណូបែលសម្រាប់ទ្រឹស្តីសម្ព័ន្ធភាព ព្រោះគ្មាននរណាយល់ ទាំង ដែលទ្រឹស្តីនេះជ្រាលជ្រៅអាថ៌កំបាំងជាងទ្រឹស្តី ពន្លឺជាចុណ្ណភាគ ដែលធ្វើឲ្យគាត់បានទទួលរង្វាន់ ជាប្រភេទដែលនិយាយបានថាមិនអាចធៀបគ្នាបានឡើយ។ អ្នកខ្លះដល់ថ្នាក់ពោលថា គាត់សមគួរនឹងបានទទួលរង្វាន់ណូបែលយ៉ាងហោចណាស់ 4 ដង គឺទទួលពីទ្រឹស្តីសម្ព័ន្ធភាពពិសេស 1 សម្ព័ន្ធភាពទូទៅ 1 ការរកឃើញថា ពន្លឺជាចុណ្ណភាគ 1 ហើយនឹងការរកឃើញម៉ូលេគុល 1 ទៀត។ ក្រៅពីនេះគាត់ថែមទាំងបានក្រាលគ្រឹះទ្រឹស្តីខ្វនត័ម (Quantum) អធិប្បាយការបម្លាស់ទីតាម បែបប្រោណនៀន(Brownian Motion, គឺការបម្លាស់ទីបែបគ្មានរបៀបរបស់ចុណ្ណភាគតូចៗ ដូចជា ធូលីក្នុងអាកាស កេសរផ្កាលើផ្ទៃទឹក ដែលក្រោយមកអាញស្តាញរកឃើញថាកើតមកពី ម៉ូលេ គុលរបស់ទឹករឺអាកាសរត់ជល់ចុណ្ណភាគទាំងនោះ។) អធិប្បាយរបកគំហើញរបស់រូបវិទូជំនាន់ក្រោយជាច្រើនអ្នករហូតធ្វើឲ្យរូបវិទូទាំងនោះបានទទួលរង្វាន់ណូបែល។
ពួកបស្ចឹម (westerner) លើកតម្កើងអាញស្តាញប្រដូចសាស្តា ហើយគ្មាននរណាឥច្ឆាក្នុងភាព ជោគជ័យរបស់គាត់ឡើយ ព្រោះជាជោគជ័យដែលបានមកពីសមត្ថភាពហួសវិស័យមនុស្ស ធម្មតា លើសពីនេះគាត់មិនឈ្លក់វង្វេងជាមួយនឹងកិត្តិយសកេរ្តិ៍ឈ្មោះដែលបានមក អាញស្តាញ នៅតែជាមនុស្សចាស់សក់បាស់ជ្រោង ដើរដី ចូលចិត្តអង្គុយគិតអ្វីម្នាក់ឯង សុភាព ដាក់ខ្លួន អាច លេងជាមួយក្មេងៗ បានវាល់ល្ងាច។ កំឡុងពេលធ្វើដំនើរពីសកលវិទ្យាល័យត្រឡប់ទៅផ្ទះ គេ ឃើញគាត់ឈៀងចូលរាក់ទាក់ក្មេងៗ ជួយក្មេងជួសជុលរបស់លេងរឺទោចក្រយានជាប្រចាំ បើថ្ងៃ ណាបានឮសម្លេងក្មេងយំ គាត់ដើររកទាល់តែឃើញហើយចូលទៅលួងលោម។ មានគ្រាមួយ នោះ គាត់ឃើញក្មេងស្រីដែលជាកូនភ្នាក់ងារធ្វើការនៅសកលវិទ្យាល័យកំពុងអង្គុយយំ សាកសួរ ដឹងរឿងថា យំព្រោះមិនយល់វិជ្ជាគណិតសាស្ត្រ អាញស្តាញប្រាប់ថា គាត់ក៏មិនសូវយល់រឿង លេខដូចគ្នាតែជួនកាលបើយើងជួយគ្នាគិតអ្វីៗ អាចនឹងល្អប្រសើរឡើងក៏ថាបាន ហើយគាត់ប្រើ ពេលរសៀលថ្ងៃនោះជួយអធិប្បាយគណិតសាស្រ្តទាល់តែក្មេងស្រីនោះយល់បាន។
អាញស្តាញជាមនុស្សមានពាក្យកំប្លែងជ្រៅៗ ហើយព្យាយាមតបសំបុត្រគ្រប់ច្បាប់ដែលសរសេរ ទៅរកគាត់ អ្នកខ្លះសតិអណ្តែតអណ្តូងគិតវត្ថុប្រឌិតក្រៅលោកបញ្ជូនមកឲ្យ ដែលមនុស្សទូទៅ អានរួចនៅចង់សើច តែគាត់អានយ៉ាងយកចិត្តទុកដាក់ហើយសរសេរសំបុត្រតបត្រឡប់ទៅវិញថា “ជួយសិក្សាមូលដ្ឋានរូបវិទ្យាឲ្យបានច្បាស់ជាងនេះបន្តិច ព្រោះយើងកំពុងនៅលើលោកមួយនេះ” ចំណែកទ្រឹស្តីរូបវិទ្យាដែលលំបាកៗ រឺនិក្ខេបទថ្នាក់បណ្ឌិតដែលគណៈកម្មការអានហើយមិនយល់ ក៏តែងបញ្ជូនទៅឲ្យគាត់វិភាគ ទើបគាត់មានចំណែកជួយធ្វើឲ្យអ្នកវិទ្យាសាស្ត្រជាច្រើននាក់បានទទួលរង្វាន់ណូបែលព្រោះរបកគំហើញទាំងអស់នេះ។
បើគ្មានអាញស្តាញមកកើត ម៉្លេះពិភពលោកនឹងឈប់ទ្រឹងនៅឯតិចណូឡូយីញូវតុនតទៅទៀតមិនដឹងប៉ុន្មានឆ្នាំ ដូចគ្នានឹងយុគក្រិច យុគបូរាណ លោកសម័យនោះក៏មានត្រឹមទ្រឹស្តីអាគិមីដេស (Archimedes,គឺជាអ្នកគណិតវិទូ, តារាវិទូ, ទស្សនវិទូ, រូបវិទូ ហើយនឹងជាវិស្វករជនជាតិក្រិច អ្នកក្រាលគ្រឹះទ្រឹស្តីកម្លាំងគម្នាស់ (Law of the Lever) គុណសម្បតិ្តវត្ថុរាវ កែវរួមពន្លឺ។ល។ របកគំហើញរបស់គាត់មានឥទ្ធិពលចំពោះពិភពលោកតាំងពីកំឡុងពេលមុនគ្រឹស្តរាជរហូតដល់គ្រឹស្តសតវត្សទី 17។) អារិស្តូត មិនបានធ្វើឲ្យកើតបម្លាស់ប្តូរផ្នែកខាងតិចណូឡូយីអ្វីឡើយ។ របកគំហើញរបស់ញូវតុនជារឿងអស្ចារ្យបំផុតរបស់លោកយុគថ្មី រហូតមានអ្នកខ្លះលើកតម្កើងគាត់ថាជាបុគ្គលដែលព្រះអាទិទេពបញ្ជូនមកកើតដើម្បីបើកអាថ៌កំបាំងរបស់ព្រះអង្គ គ្មាននរណាគិតស្មានដល់ថា បន្ទាប់ពីនោះព្រះអាទិទេពនឹងបញ្ជូនអភិមហាអច្ឆរិយៈម្នាក់ទៀតមកកើតផង ដែលអាចបើកបង្ហាញអាថ៌កំបាំងរបស់អាទិទេពបានជ្រាលជ្រៅជាងមុនទៅទៀត ហើយមនុស្សម្នាក់នោះក៏គឺ អាល់ប៊ើរ៍ អាញស្តាញ។
ដើមឡើយអ្នកវិទ្យាសាស្ត្រគិតថា តិចណូឡូយីយុគញូវតុនប្រហែលជាកំពូលនៃរបកគំហើញហើយ រូបវិទ្យាដល់ផ្លូវទ័លហើយ តែលុះពេលវ៉ូលតា(Alessandro Volta, បុគ្គលដែលនាំយកចរន្តអគ្គិសនីមកបម្រើប្រយោជន៍រហូតបានទទួលការលើកតម្កើងឲ្យហៅប៉ូតង់ស្យែលចរន្តអគ្គិសនីថា “វ៉ុល” តាមឈ្មោះរបស់គាត់) រកឃើញថ្មពិលកំនើតចរន្តអគ្គិសនី តិចណូឡូយីក៏លោតផ្លោះពីយុគគ្រឿងចក្រ ច្រវ៉ាក់ ហើយនឹងស្ពឺ មកកាន់យុគអគ្គិសនី។ របស់លេង នាឡិកា ប្តូរពីមួលឡានមកដាក់ថ្មវិញ គ្រឿងអង្គុលីលេខប្តូរពីការប្រើកម្លាំងផ្ទប់នៃលោហៈទៅលើក្រណាត់ទឹកមឹកមកជាគ្រឿងអង្គុលីលេខអគ្គិសនីចំនួសវិញ។ តែនៅទីបំផុត បច្ចុប្បន្ននេះគ្រឿងអង្គុលីលេខអគ្គិសនីក៏បានហួសសម័យទៅហើយដែរ ព្រោះគ្រឿងអង្គុលីលេខកុំព្យូទ័រដែលផលិតចេញពីមូលដ្ឋានទ្រឹស្តីអាញស្តាញប្រើការបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ជាង។ នៅនាអនាគតបើមានទ្រឹស្តីថ្មីកើតឡើងមកទៀត ម៉ាស៊ីនថតរូបឌីជីថលដែលនាំគ្នាគិតថាទាន់សម័យហើយក្នុងពេលនេះក៏អាចនឹងហួសសម័យទៅទៀតក៏ថាបាន ។
ជីវិតចុងក្រោយ

ជីវិតចុងក្រោយ របស់កំពូលអ្នកប្រាជ្ញ អាល់បឺត អាញស្តាញ
អាញស្តាញ ជាមនុស្សមិនខ្លាចសេចក្តីស្លាប់ គាត់ប្រាប់ថា សេចក្តីស្លាប់គឺជាបំណុលចាស់ដែលនៅទីបំផុតរាល់គ្នាត្រូវតែសង។ មុននឹងលាចាកលោកគាត់ឈឺដោយរោគពោះវៀនហើយនឹងសរសៃឈាមពុះពង។ ពេទ្យប្រាប់ថា បើបានវះកាត់គាត់នឹងមានអាយុវែងតទៅទៀត តែគាត់បដិសេធ ព្រមទាំងត្រៀមរៀបចំធ្វើមត៌កសាសន៍ជម្រះបញ្ហាផ្សេងឲ្យអស់មុននឹងលាចាកលោក តែទោះបីមិនបានវះកាត់ក៏គាត់អាចមានជីវិតរស់នៅតមកទៀតបានដល់ទៅ 5 ឆ្នាំ បញ្ហាចុងក្រោយដែលដោះស្រាយមិនបានសោះគឺការររួមកម្លាំងក្នុងចក្រវាឡ។ មុននឹងលាចាកលោកមិនប៉ុន្មាននាទីអ្នកគ្រូពេទ្យប្រាប់ថា គាត់សុំក្រដាសទទេដើម្បីយកមកគណនាអ្វីម្យ៉ាង រួចហើយក៏រអ៊ូជាភាសាអាល្លឺម៉ង់មុននឹងរំលត់សង្ខា ទុកចោលផែនក្រដាសដែលពេញទៅដោយរូបមន្តជាច្រើន ទុកក្បែរគ្រែ បើគ្រូពេទ្យរក្សាក្រដាសនេះទុកហើយយកមកដេញថ្លៃលក់ក្នុងបច្ចុប្បន្ន ប្រហែលជាបានតម្លៃមិនតិចជាង 6,000,000 ដុល្លាឡើយ។
កាលគាត់លាចាកលោក កាសែតគ្រប់រោងពុម្ពសរសេរចំណងជើងធំៗ អត្ថន័យថា “មនុស្សដ៏អស្ចារ្យបំផុតនៃគ្រឹស្តសតវត្សទី 20 លាចាកលោកហើយ”។ គាត់បានផ្តាំទុកជាមុនថា ឲ្យយកខួរក្បាលរបស់គាត់បរិច្ចាគឲ្យទៅវង់ការវិទ្យាសាស្ត្រ (តែពេទ្យផ្នែកបញ្ជាក់ភិនភាគបានលបលួចកាត់ខួរក្បាលរបស់គាត់ទៅមុនបាត់) រួចហើយឲ្យដុតសពរបស់គាត់នៅថ្ងៃនោះភ្លាម មិនបាច់កប់ដូចបុគ្គលសំខាន់ផ្សេងៗ ទៀតនៅក្នុងយុគនោះ មិនបាច់ធ្វើពិធីកម្មអ្វីឲ្យរវល់ឡើយ រួចហើយឲ្យយកផេះអដ្ឋិទៅរោយនៅកន្លែងមួយដែលរក្សាជាអាថ៌កំបាំង។
នីលស៍ បូរ៍ ដែលជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់ បានសរសេរពាក្យកាន់ទុក្ខអាឡោះអាឡ័យចំពោះគាត់ថា “ពួកយើងបានបាត់បង់បុគ្គលដែលបានសាងគុណប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះអរិយធម៌មនុស្សជាតិ។ ការលាចាកលោករបស់អាញស្តាញគឺជាការបាត់បង់ដ៏ធំធេងរបស់មនុស្សជាតិ ហើយនឹងជាការបាត់បង់ដ៏ធំធេងរបស់បុគ្គលដែលធ្លាប់ស្គាល់គាត់។ ជាភាពសោកសៅស្លុតចិត្តដែលគ្មានឳកាសបានឃើញស្នាមញញឹមដ៏សែនកក់ក្តៅ ហើយនឹងលែងបានស្តាប់គាត់និយាយតទៅទៀត”៕
