រឿងនិទាន

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ (ប្រជុំរឿងព្រេងខ្មែរ)

(អត្ថបទនេះអានចំនួន 1 នាទី)

មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា (យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ?)។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ (ប្រជុំរឿងព្រេងខ្មែរ)

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ (ប្រជុំរឿងព្រេងខ្មែរ)

ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា (នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន) ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា នេះ​ហៅ​អ្វី ? អ្នក ! ។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា គេ​ហៅ​រទេះ។ មែន​ឬ​អ្នក ? ។ បុរស​នោះ​ថា (មែន) ។ (បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ) ។

 

បុរស​នោះ​សួរ​ថា (អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ?) ។ កម្លោះ​នោះ​ថា (បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះ សុំ​តែ​ប្រពន្ធ​អ្នក) ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថា (នេះ​គេ​ហៅ​ចន្ទោល)។ ចង្អុល​សួរ​ទៅ​នឹម​ថា (នេះ​គេ​ហៅ​នឹម) ។ (នេះ​គេ​ហៅ​ទូក, នេះ​គេ​ហៅ​ទ្រាយ, នេះ​គេ​ហៅ​ប្រែក, នេះ​គេ​ហៅ​កង់, នេះ​គេ​ហៅខ្នង​កង់, នេះ​គេ​ហៅ​ត្រពង) ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា (ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ?) បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។

បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា (ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ)។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា (ថ្វី​បាន​ជា​យំ​បង ?) បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា (បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ) ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា (លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ?)។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា (លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង)។ សុភាទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា (អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ?)។ បុរស​នោះ​ឆ្លើយ​ថា << ដាក់​ប្រពន្ធ >> ។

សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា (ត្រង់​ណា​ហៅ​ប្រពន្ធ? បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ)។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា (នេះ​គេ​ហៅ​ជើង​ទេ) វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ (ប្រពន្ធ) ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា (រទេះ) បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ។

សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា (បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ)។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា (លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន)។

សុភាសិត​ខ្មែរលោកពោលថា៖ ប្រាជ្ញ​ឯង​ ឲ្យ​ក្រែង​ប្រាជ្ញ​គេ

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ