ជីវិតគ្រួសារ គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នាទាំងបុរស និងនារី (បច្ចុប្បន្នភេទទី៣ផងដែរ) ហើយចង់បានលើសពីនោះ មិនត្រឹមតែការរៀបការហើយចប់នោះទេ គឺចង់បានការរស់នៅជាមួយ មើលថែទាំគ្នា មានកូន មានចៅ រហូតអស់ជីវិតរៀងខ្លួន។ ប៉ុន្តែការពិតមិនបានតាមចិត្តប្រាថ្នានោះឡើយកុំថាឡើយជីវិតគ្រួសារ…។ល។

មានអ្នកឲ្យយោបល់ជាច្រើនដល់បុរស និងនារី មុននឹងសម្រេចចិត្តជ្រើសរើសនរណាជាដៃគូជីវិតមករស់នៅក្នុងពិភពរបស់ខ្លួនថា ត្រូវស្វែងយល់គ្នាឲ្យបានកាន់តែច្រើនកាន់តែប្រសើរ អាចចំណាយពេលរាប់ឆ្នាំ…ជាដើម តែចុងក្រោយរៀបការនឹងគ្នាបានតែមួយខែក៏លែងគ្នាដដែល។ ដោយយោងតាមអ្នកជំនាញខាងជីវិតរៀបការ លោក ចន ហ្គូតមែន (John Gottman) គាត់អាចវាយតម្លៃដៃគូប្រុសស្រីគូណាក៏ដោយ ដែលពិភាក្សានៅមុខគាត់តែ ១៥នាទី គាត់សន្និដ្ឋានបានថាគូនេះរស់នៅជុំគ្នា ឬបែកគ្នាបាន។ លោកបានបន្តឲ្យដឹងទៀតថា ជីវិតអាពាហ៍ពិពាហ៍ ឬជីវិតគ្រួសារដែលរៀបការរួចបានជោគជ័យ ឬមិនជោគជ័យ មិនមែនអាស្រ័យលើការអង្គុយពិសារអាហារទល់មុខញញឹមដាក់គ្នាក្រោមពន្លឺភ្លើងទៀននោះទេ ហើយក៏មិនមែនដោយសារតែប្តីប្រពន្ធនោះត្រូវតែមានលុយកាក់ដើម្បីដើរកំសាន្តទៅទួរអែហ្វហ្វែល (Tower Eiffel) នៅប៉ារីស ឬដើរតាមឆ្នេរខ្សាច់ដ៏វែងអន្លាយតាមតំបន់មាត់សមុទ្រ ឬក៏ជិះរទេះសេះគយគន់ព្រៃព្រឹក្សាក្រោមពន្លឺដួងច័ន្ទភ្លេកៗនោះដែរ ឬក៏ត្រូវទិញរបស់របរ វត្ថុអនុស្សាវរីយ៍ជារឿយៗនោះដែរ….។ល។ ប៉ុន្តែអ្វីដែលលោក Gottman សង្កត់ធ្ងន់លើអ្វីដែលបណ្តាលឲ្យប្តីប្រពន្ធដែលរៀបការរួចអាចរួមរស់ដោយសុខដុមនឹងគ្នាបាន មានតែចំនុចពិសេសមួយគត់ គឺការចាប់អារម្មណ៍ (Attention)។ លោកថាការចាប់អារម្មណ៍គ្នាទៅវិញទៅមក ជារឿងតូចបំផុតមួយដែលយើងមើលរំលង។ គ្រាន់តែឮពាក្យនេះភ្លាម Admin នឹកឃើញដល់រឿងរ៉ាវសឹងតែគ្រប់គូរស្វាមីភរិយា ភាគច្រើនសឹងតែ100% ទោះស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយក៏នៅតែមានការប្រេះបាក់បែកនៅទីបំផុតដ៏ខ្លី ជាពិសេសពេលប្រពន្ធមានកូនមួយដំបូងហ្នឹងតែម្តង។
តាមពិតទៅរឿងរ៉ាវមិនត្រូវបាននាំដល់បែកបាក់គ្នានោះទេ ប្រសិនបើបានស្វែងយល់ពីវិធីនៃការរស់នៅសុខដុមនឹងគ្នាដូច Reamker.com កំពុងបង្ហាញនេះ គឺការចាប់អារម្មណ៍។ ចឹងតើត្រូវចាប់អារម្មណ៍អ្វីខ្លះទៅសម្រាប់ប្តីប្រពន្ធទៅវិញទៅមកនោះ? តោះ! សូមអានចំនុចដូចខាងក្រោម៖

1. ប្រើការនិយាយសាមញ្ញបំផុតដូចជា៖ បង/អូន ស្រឡាញ់ម៉ូដសក់អូនព្រឹកនេះដល់ហើយ (I love the way your hair looked, this morning) ។
2. ផ្ញើសារចេញពីបេះដូងតែពាក្យ3ម៉ាត់៖ បង/អូន នឹកអូន/បង (I miss you) ។
3. ការសរសើរដ៏សាមញ្ញបំផុត៖ លើកទឹកចិត្តប្រសើរជាងបន្ទោស (Praise better than blame)។
4. ពាក្យកក់ក្តៅប៉ុន្មានម៉ាត់ ទោះពេលនោះយើងភ័យបារម្ភដូចគ្នាតែ៖ បង/អូន នៅទីនេះ អ្វីៗនឹងប្រសើរឡើង (I’m here. It’s gonna be okay)។
5. មើលទូរទស្សន៍ប៉ុស្តិ៍ដែលចូលចិត្ត រួចរៀបរាប់រឿងស្តីពីថ្ងៃនេះឲ្យដៃគូរស្តាប់, ជជែកពីរឿងអស់សំណើច…។ល។
6. ការថើបដ៏រហ័សបំផុត៖ ថើបនៅត្រង់ថ្ងាស។
7. ផ្តល់ក្តីសុខឲ្យគ្នាតាមរយៈកែវភ្នែក និងស្នាមញញឹម៖ មើលភ្នែកគ្នា (Eye Contact with Smile)។
8. មិនចាំបាច់ទៅរាំនៅក្លឹប៖ នៅចង្ក្រានបាយក៏រាំដោយពោរពេញដោយសេចក្តីសុខ។
9. យកទឹកឲ្យញាំមួយកែវពេលអ្នកញាំវាមួយកែវដែរ។
10. ស្តាប់គ្នាទៅវិញទៅមក ដោយប្រើការពិចារណាខ្ពស់។

សរុបមកគឺជាចំណែកដ៏តូចៗបំផុតមែនទេ? វាមិនមែនជារឿងដែលធ្វើមិនបានដូចសន្សំលុយទៅដើរលេងបំផ្លាញលុយនៅបរទេស ទិញមាសពេជ្រ ទូរស័ព្ទ iPhone X Max ឬខោអាវស្បែកជើងប្រេនៗ អីណាមែនទេ? ហើយក្នុងសាច់រឿងនេះ គ្រាន់តែចង់បញ្ជាក់ថា បុរសយល់ពីនារី ហើយនារីត្រូវយល់ពីបុរសដូចគ្នា មិនត្រូវយល់តែពីអារម្មណ៍ម្ខាងៗនោះឡើយ។ ហេតុអ្វីចាំបាច់រឹងរូស ម្ញិម៉្ញក់ដូចក្មេង ហើយលើកដាក់ពាក្យសម្តីទៅវិញទៅមកធ្វើអ្វី? ដើម្បីអ្វីទៅ? ចង់ឈ្នះចាញ់? ដូចពេលរៀបការតាមប្រពៃណីខ្មែរពីមុនមក (បច្ចុប្បន្នមិនត្រូវបានយកមកប្រតិបត្តិ) គឺឲ្យតួប្រុសនិងស្រី ថ្ងៃរៀបការហ្នឹង គេងលើអំបិលដែលរៀបពាសពេញកន្ទេល ក្នុងន័យឲ្យចេះខំអត់ទៅវិញទៅមកពេលរួមរស់នឹងគ្នា បើម្ខាងរង្គើម្ខាងទៀតស្ងៀមបើមិនចឹងទេអំបិលនឹងខ្ទាតចេញពីកន្ទេល នោះមានន័យថាប្តីប្រពន្ធមិនចេះអត់អោនឲ្យគ្នា យកតែឈ្នះមិនសហការគ្នា…ជាដើម។

ចឹងមុនសម្រេចចិត្តរៀបការនឹងគ្នា តើខាងបុរស និងខាងនារី គាត់បានត្រៀមចិត្ត និងកាយរួចរាល់ហើយឬនៅ? សូមជូនពរឲ្យលោកអ្នកមានគូរស្រកររៀបការរួច រួមរស់នឹងគ្នារហូតតរៀងទៅ ដោយប្រើការចាប់អារម្មណ៍ (Attention)៕





