ទំនើបភាវូបនីយកម្មបច្ចេកវិទ្យាបានធ្វើឲ្យពិភពមនុស្សយើងមានភាពកាន់តែរស់រវើក ទាំងអ្វីដែលពិត និងអ្វីដែលមិនពិតតែធ្វើឲ្យទៅជាពិត តាមលក្ខណៈបច្ចេកទេសជំនាញខ្ពស់ហួសពីការមើលដោយភ្នែក និងវាយតម្លៃថាពិត ឬមិនពិត។ ពិតជាអស្ចារ្យ ហើយទន្ទឹមនឹងគុណសម្បត្តិដ៏វិសេសនេះ ផលវិបាក ឬគុណវិបត្តិសង្គមអាចកើតឡើងគ្រប់វិនាទី បើផ្អែកតាមព័ត៌មាន រូបភាព វីដេអូ សម្លេង ទាំងរឿងដែលកំពុងឃើញហ្នឹង ជារឿងមិនមានពិតទាល់តែសោះ។
ដើមឡើយ អ្នកជំនាញប្រើ PhotoShop ដើម្បីកែសម្រួល ដកចេញ ឬបន្ថែម ទៅលើលក្ខណៈដើមនៃរូបភាព ដែលផ្ទុយស្រឡះពីពាក្យបុរាណ៖ “ម៉ាស៊ីនថតរូប គឺមិនកុហកឡើយ” (Camera never lie) ប៉ុន្តែអ្វីៗទាំងនោះមានការវិវត្តសម្បើមណាស់។ លោកអ្នកធ្លាប់បានដឹងហើយថា នៅក្នុង Snapchat គឺមានរូបបន្ថែមជាច្រើនសម្រាប់ដាក់ពីលើមុខមនុស្សយើងពេលថត។ តាមពិតនេះមិនមែនជាបច្ចេកវិទ្យាថ្មីនោះទេ គ្រប់ម៉ាស៊ីនថតរូប (កាម៉េរ៉ា) និងម៉ាស៊ីនថតរឿងវីដេអូ ឬភាពយន្ត សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យានេះគ្រាន់តែវាមិនទាន់សម្បូរបែបដូចបច្ចុប្បន្ននេះ។
REAMKER សូមបង្ហាញនូវកម្មវិធីដែលប្រើសម្រាប់បង្កើតនូវរូបភាពនឹង និងរូបភាពចលនាដូចទៅនឹងរូបភាពដើម គឺ Fake App ដោយមានជំនួយជាពិសេសដោយបច្ចេកវិទ្យា AI (Artificial Intelligent)។ ផលវិបាកនៃបច្ចេកវិទ្យានេះ បានបង្កើតឲ្យមានរូបភាព ឬវីដេអូ មិនពិតកាន់តែច្រើនឡើងៗសម្រាប់យើងគ្រប់គ្នាតែម្តង ជាពិសេសគឺរូបភាព ឬខ្សែអាត់ (វីដេអូ) របស់មេដឹកនាំប្រទេសធំៗលើពិភពលោក គឺអាចត្រូវបានអ្នកជំនាញកាត់ត បង្ហើតឡើងនូវព័ត៌មានមិនពិត មិនត្រឹមតែរូបភាព តែសម្លេងក៏អាចបង្កើតឡើងបានដែរ។
ជាក់ស្តែងដូចជាកម្មវិធីសម្រាប់បង្កើតសម្លេងនរណាម្នាក់ក៏បានដែរនោះ សូមទុកចិត្តលើ Adobe Voco។ វាពិតជាមានសមត្ថភាពបង្កើតសម្លេងរបស់មនុស្សម្នាក់បានដោយងាយបំផុត។
ហេតុនេះ មុននឹងជឿជាក់លើព័ត៌មានជារូបភាព ឬវីដេអូ ឬសម្លេង សូមលោកអ្នកព្យាយាមប្រមូលព័ត៌មានឲ្យបានកាន់តែច្រើន មុននឹងសរុបសាច់រឿងវាយតម្លៃ និងសន្និដ្ឋាន។
សូមតាមដានការពន្យល់លម្អិត ពី ColdFusion TV ដូចខាងក្រោម៖
