គួរ​យល់​ដឹង

អនុវត្ត 8 ក្បាច់នេះ ធានាថាលោកអ្នកនឹងទទួលការចាប់អារម្មណ៍ខ្លាំងបំផុតពីមនុស្សស្ថិតនៅជុំវិញអ្នកពេលជួបលើកដំបូង

(អត្ថបទនេះអានចំនួន 1 នាទី)

លោកអ្នកគួររំលឹកថានេះជាក្បួនអនុវត្តសម្រាប់លោកអ្នក ធ្វើម៉េចឲ្យមើលទៅអស្ចារ្យនៅពេលដែលជួបគ្នាលើកដំបូង នៅកន្លែងធ្វើការ ឬសង្គមទូទៅ។ សូមតាមដានដូចតទៅ៖

ក្បាច់ទី1៖ ត្រូវយកចិត្តទុកដាក់បំផុត
សូមគិតដល់ថាតើលោកអ្នកមើលទៅយ៉ាងម៉េចដែរពេលណែនាំខ្លួនដំបូង។ វាក៏អាចជាវិធីក្នុងការណែនាំខ្លួននាពេលបន្តបន្ទាប់ទៀតដូចគ្នានេះផងដែរ។ លោកអ្នកគួរសួរនាំឲ្យនរណាម្នាក់តាមសង្កេត ពេលណែនាំខ្លួនលើកដំបូងនោះ ដោយផ្តល់មកវិញនូវមតិយោបល់ស្ថាបនា។

ក្បាច់ទី2៖ ការប្រើប្រាស់ទឹកមុខ
ព្យាយាមញញឹមប្រកបដោយទឹកមុខសង្ឃឹមលើរឿងល្អជានិច្ច។ មនុស្សមួយចំនួនបានធ្វើបែបនេះតាំងពីកំណើតក៏មាន ប៉ុន្តែមួយចំនួនវិញ ត្រូវតែព្យាយាមទៅអាចកើតឡើងបាន។ លោកអ្នកគួរធ្វើឲ្យកន្លែងដែលកំពុងជួប ក្លាយជាបរិយាកាស ឬឳកាសមួយដែលមានសារៈសំខាន់។

ក្បាច់ទី3៖ ការសម្លឹងដោយប្រើភ្នែក
លោកអ្នកអាចប្រើក្រសែភ្នែកសម្លឹងមើលឲ្យបានកាន់តែឆ្ងាយ និងទូលាយ។ សូមសម្លឹងមើលចំកែវភ្នែកអ្នកកំពុងប្រាស្រ័យជាមួយដោយផ្ទាល់ ដោយបង្ហាញពីភាពជឿជាក់ខ្ពស់របស់លោកអ្នក ជាមួយនឹងអារម្មណ៍ដ៏កក់ក្តៅ និងភាពរីករាយបំផុតដែលបានប្រាស្រ័យជាមួយគាត់ ឬនាង។ បញ្ច្រាស់ពីនេះ គឺការងាកចេញពីភ្នែករបស់គាត់ ពេលលោកអ្នកមិនយល់ព្រម ឬយល់ស្របជាមួយ។

ក្បាច់ទី4៖ ការផ្តល់សារ
វាមានសារៈសំខាន់ណាស់ពេលដែលលោកអ្នកនិយាយចេញនូវឈ្មោះរ​បស់លោកអ្នក ហើយក៏ព្រមទទួលស្តាប់ និងទទួលយកពេលគាត់ប្រាប់ឈ្មោះរបស់គាត់មកវិញ ហើយត្រូវចងចាំ បន្ទាប់មកប្រើប្រាស់ឈ្មោះនោះពេលនិយាយអ្វីដែលពាក់ព័ន្ធនឹងគាត់។ ប្រសិនបើលោកអ្នកមានការចាំឈ្មោះរបស់ពួកគាត់ លោកអ្នកនឹងក្លាយជាមនុស្សអស្ចារ្យសម្រាប់ពួកគាត់មិនខាន។

ក្បាច់ទី5៖ ការប្រើសម្លេង
សូមលោកអ្នកហាត់និយាយចេញមកឲ្យច្បាស់ និងលឺគ្រប់គ្រាន់សម្រាប់ការសន្ទនាណាមួយជាមួយអ្នកដទៃដែលកំពុងប្រាស្រ័យជាមួយ។ សូមកុំព្យាយាមនិយាយខ្សឹបៗដែលគេមិនអាចលឺច្បាស់បាននោះ។ សូមអនុវត្តការនិយាយបែបខាងលើនេះ ប្រហែលជាវាលឺជាងសម្លេងធម្មតារបស់លោកអ្នក ប្រសិនបើលោកអ្នកធ្លាប់ជាមនុស្សនិយាយមិនសូវលឺ។

ក្បាច់ទី6៖ ការបញ្ចេញកាយវិការ
មនុស្សមួយចំនួនមើលទៅហាក់បង្ហាញពីលក្ខណៈសុំអាធ្យាស្រ័យរួចជាស្រេចទោះគាត់មិនទាន់បានបញ្ចេញសម្លេងក៏ដោយ។ សូមព្យាយាមឈរឲ្យបានស្រឡះ កុំអោនៗ ឬកោងៗ ដោយយកស្មារទាំងពីររបស់លោកអ្នកមកក្រោយ ហើយលើកចង្ការឡើងបន្តិចពេលណែនាំខ្លួនលោកអ្នក។ ទាំងនេះនឹងបញ្ចេញនូវសារលក្ខណៈជាវិជ្ជមានច្រើនដល់អ្នកកំពុងប្រាស្រ័យជាមួយ។

ក្បាច់ទី7៖ គម្លាតនៃការឈរសន្ទនា
កុំព្យាយាមទៅជិត កៀកនឹងអ្នកកំពុងនិយាយជាមួយអ្នក ដែលកាយវិការនេះអាចធ្វើឲ្យនាង ឬគាត់មានអារម្មណ៍តានតឹងក្នុងពេលសន្ទនា។ ស្របនឹងរឿងនេះដែរ កុំឈរឃ្លាតឆ្ងាយពីដៃគូសន្ទនាខ្លាំងពេក វាអាចធ្វើឲ្យដៃគូសន្ទនាមានអាម្មណ៍មិនសូវកកក់ក្តៅក្នុងការសន្ទនា។ សូមព្យាយាមស្វែងរកគម្លាតសមរម្យណាមួយរវាងលោកអ្នក និងដៃគូសន្ទនា។

ក្បាច់ទី8៖ ត្រូវមានសីលធម៌ក្នុងការសន្ទនា
លោកអ្នកត្រូវតែមានសីលធម៌ និងវិន័យច្បាស់លាស់ក្នុងខ្លួន ដោយរៀបចំឲ្យរួចជាស្រេច មួយវិនាទី ឬពីរ មុនពេលដែលដៃគូសន្ទនាចាប់ដៃជាមួយអ្នក។ សូមចងចាំ និងរក្សាអាកប្បកិរិយា និងអត្តចរឹតដ៏ល្អរបស់លោកអ្នកក្នុងលក្ខណៈគួរឲ្យទាក់ទាញជានិច្ច ហើយកុំភ្លេចការចាប់ដៃគ្នាដ៏ណែន និងកក់ក្តៅឲ្យសោះ៕

អត្ថបទពេញនិយម

ទៅលើ